ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជំងឺតម្រងនោម គឺជាជំងឺឆ្លងលាក់ខ្លួន ដែលបានប៉ះពាល់ដល់មនុស្សជាង ៨៥០ លាននាក់នៅទូទាំងពិភពលោក។
នោះគឺចំនួនទ្វេដងនៃចំនួនអ្នកជំងឺទឹកនោមផ្អែម (៤២២ លាននាក់) និងច្រើនជាង ២០ ដងនៃចំនួនមនុស្សដែលមានជំងឺមហារីក (៤២ លាននាក់) ឬជំងឺអេដស៍ (៣៦,៧ លាននាក់) ។
ប៉ុន្តែមនុស្សភាគច្រើនមិនដឹងថា ជំងឺតម្រងនោម គឺជាបញ្ហាសុខភាពសំខាន់មួយនោះទេ។
លោក David Harris និង Adeera Levin មកពីសមាគមអន្តរជាតិនៃជំងឺតម្រងនោមបាននិយាយថា “វាគឺជាពេលវេលាដ៏ធំមួយ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយអំពីជំងឺតម្រងនោម ដែលវាបានរីករាលដាលនៅទូទាំងពិភពលោក” ។ Harris គឺជាប្រធានក្រុមហើយ Levin គឺជាអតីតប្រធាន។
ពួកគេបានកត់សម្គាល់ថា ជំងឺតម្រងនោម ច្រើនតែមិនបណ្តាលឲ្យមានរោគសញ្ញាដំបូងៗឡើយ ហើយមនុស្សជាច្រើនមិនបានដឹងពីការកើនឡើងហានិភ័យនៃបញ្ហាបេះដូង ការឆ្លងមេរោគ ការសម្រាកនៅមន្ទីរពេទ្យ និងការខ្សោយតម្រងនោមនោះទេ។
ជំងឺតម្រងនោមរ៉ាំរ៉ៃ (ដែលមានរយៈពេលច្រើនជាង ៣ ខែ) ប៉ះពាល់ដល់ ១០ ភាគរយលើបុរស និងជិត ១២ ភាគរយនៃស្ត្រីនៅជុំវិញពិភពលោក។ មនុស្សរហូតដល់ ១០,៥ លាននាក់ត្រូវការលាងឈាម ឬប្តូរតម្រងនោមប៉ុ ន្តែមនុស្សជាច្រើនមិនទទួលបានការព្យាបាលសង្គ្រោះជីវិតទាំងនេះ ដោយសារតែការចំណាយគឺថ្លៃ ឬកង្វះខាតធនធានព្យាបាល។
លើសពីនេះទៀត មនុស្សជាង ១៣ លាននាក់ទទួលរងរបួសតម្រងនោមស្រួចស្រាវ។ អ្នកខ្លះនឹងវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃ ឬជំងឺខ្សោយតម្រងនោម។
លោក Levin បាននិយាយថា “ដោយប្រើប្រភពទិន្នន័យទាំងអស់នេះ និងការប៉ាន់ស្មាននៃជំងឺតម្រងនោមស្រួចស្រាវ និងរ៉ាំរ៉ៃ យើងប៉ាន់ស្មានថា មានអ្នកជំងឺតម្រងនោមប្រហែលជា ៨៥០ លាននាក់នៅទូទាំងពិភពលោក។
តម្រងនោម យកចេញកាកសំណល់ចេញ និងជួយធ្វើឲ្យមានតុល្យភាពបរិមាណសារធាតុរាវនិងសារធាតុរ៉ែនៅក្នុងខ្លួន។ អ្នកស្រាវជ្រាវបានពន្យល់ថា ពួកគេក៏ផលិតអ័រម៉ូនដែលប្រាប់រាងកាយឲ្យផលិតកោសិកាឈាមក្រហម។
លោក Carmine Zoccali ប្រធានសមាគមសរសៃឈាមនៅអឺរ៉ុបបាននិយាយថា ទោះបីជាអ្នកជំងឺជាច្រើនដែលមានមុខងារតម្រងនោមខូច មិនមានអារម្មណ៍ឈឺក៏ពិតមែន ប៉ុន្តែពួកគេមានហានិភ័យខ្ពស់ចំពោះបញ្ហាសុខភាពដទៃទៀត។
ការស្លាប់ដោយសារជំងឺបេះដូង ដែលទាក់ទងនឹងជំងឺតម្រងនោមរ៉ាំរ៉ៃ គឺមានខ្ពស់បំផុត — ១,២ លានករណី ស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ត្រូវបានទាក់ទងនឹងជំងឺតម្រងនោមកាលពីឆ្នាំ ២០១៣ ។
លោក Mark Okusa ប្រធានសមាគមន៍ជំងឺតម្រងនោមអាមេរិកាំង បានមានប្រសាសន៍ថា “ចំនួនអ្នកដែលមានជំងឺតម្រងនោម គឺមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ប៉ុន្តែសាធារណជនមិនដឹងពីការពិតនោះទេ។ គាត់បាននិយាយថា ការចំណាយលើការលាងឈាមក្នុងអ្នកជំងឺម្នាក់ប្រចាំឆ្នាំគឺ ៨៨ ១៩៥ ដុល្លារក្នុងសហរដ្ឋអាមេរិក៕