ភាពចាស់ទៅតាមអាយុ គឺជារឿងដែលមិនអាចចៀសផុតឡើយ។ ប៉ុន្តែ បើសិនជាភាពចាស់នោះ មានល្បឿនលឿនជាងអាយុវិញនោះ វាពិតជារឿងមួយអយុត្តិធម៌ណាស់។ យ៉ាងណាមិញ មូលហេតុដែលនាំឲ្យមនុស្សយើង ចាស់មុនអាយុគឺមានច្រើន ប៉ុន្តែ ភាគច្រើន គឺកើតឡើងពីទម្លាប់មួយចំនួន ដែលអ្នកធ្វើរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអំពី ទម្លាប់ដែលអ្នកគួរតែចៀសវាង បើសិនជាអ្នកមិនចង់ឲ្យខ្លួនឯង ចាស់មុនអាយុទេនោះ។
ធ្វើរឿងច្រើនក្នុងពេលតែមួយ
បើសិនជាអ្នកគិតថា ការធ្វើការងារច្រើន គឺជារឿងល្អ អ្នកពិតជាគិតខុសហើយ ព្រោះថាការធ្វើរឿងច្រើន ហើយមិនបានចប់សប់គ្រប់នោះ វាគ្រាន់តែធ្វើឲ្យអ្នក ស្ត្រេសកាន់តែច្រើនប៉ុណ្ណោះ (ហើយមើលទៅ គឺឆាប់ចាស់តែម្តង)។
ញ៉ាំផ្អែម
នេះគឺជាដំណឹងអាក្រក់មួយ សម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែមតែម្តង។ បង្អែម មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ទេ តែក៏ធ្វើឲ្យមុខឆាប់ចាស់ ជាងធម្មតាច្រើនឆ្នាំដែរ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយ ការញ៉ាំផ្អែមហើយ បើសិនជាចង់រក្សាស្បែកមុខ ឲ្យនៅក្មេងបានយូរនោះ។
គេងមិនគ្រប់
ការដែលគិតមិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យភ្នែកខ្មៅទេ តែក៏ធ្វើឲ្យអាយុខ្លីដែរ។ មនុស្សដែលខ្វះការគេង ប្រហែលជាមានឥទ្ធិពលអវិជ្ជមាន ចំពោះស្បែក និងកាត់បន្ថយភាពយឺតរបស់ស្បែក ថែមទៀត។
មើលទូរទស្សន៍ច្រើនពេក
ការចំណាយពេលច្រើន នៅពីមុខទូរទស្សន៍ ប្រហែលជាអាចធ្វើឲ្យមនុស្សអាយុខ្លី ហើយក៏ឡើងទម្ងន់បានទៀត ព្រោះតែភ្នែកកំពុងតែមើល តែដៃចាប់អាហារញាត់មាត់រហូត។
ជក់បារី
ការជក់បារី ប្រហែលជាមានឥទ្ធិពលអវិជ្ជមានច្រើន ដល់សុខភាពរួមទាំងស្បែកផងដែរ។ ការសិក្សាបង្ហាញថា ការជក់បារី ទំនងជាងាយធ្វើឲ្យស្បែកមុខ ឆាប់ចាស់ណាស់។
មិនប្រើក្រែមការពារពន្លឺព្រះអាទិត្យ
ការដែលមិនបានប្រើប្រាស់ ក្រែមការពារពន្លឺព្រះអាទិត្យ នៅពេលចេញពីផ្ទះ អាចនឹងធ្វើឲ្យស្បែកងាយរងការខូចខាតបាន ជាពិសេស នៅពេលទៅលេងឆ្នេរសមុទ្រតែម្តង។ ការប៉ះពាល់នឹងកាំរស្មីយូវីច្រើនគឺជាមូលហេតុដ៏ធំមួយ នៃការចាស់មុនអាយុ។
ញ៉ាំអាហារគ្មានជាតិខ្លាញ់
ខ្លាញ់មួយចំនួន មានសារៈសំខាន់ណាស់ ចំពោះស្បែករបស់យុវវ័យ។ ដូច្នេះ ចូរបញ្ចូលខ្លាញ់ល្អៗដូចជា អូមេហ្គាបីដែលមានក្នុងត្រីសាលម៉ុង ទៅក្នុងរបបអាហារអ្នកផង ដើម្បីថែរក្សាសុខភាពស្បែកកាន់តែល្អ៕