ជាការពិតណាស់ សម្ភារៈក្នុងលំនៅដ្ឋាន គ្មានអ្វីពិបាក ជាងការសម្អាតពូកគេងនោះទេ ហើយពេលខ្លះ មិនដឹងថាសម្អាតយ៉ាងម៉េច ទើបស្អាត ពីព្រោះ យើងមិនអាចបោកគក់ ឬលើកចេញលើកចូល ស្រួលដូចខោអាវឡើយ។
ពូកជាកន្លែងរបស់មេរោគ និងបាកតេរី។ ពូក អាចជាប់ប្រឡាក់ញើស ក្អែល កោសិកាងាប់ៗរបស់យើង ធូលីដី ទឹក និងរបស់កខ្វក់ជាច្រើនទៀត ដូច្នេះ បើអ្នកមិនឧស្សាហ៍សម្អាត ឬធ្វើមិនបានល្អទេ អ្នកនឹងឆាប់ឈឺជាមិនខានឡើយ។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួន ដែលអ្នកគួរតែអនុវត្ត ដើម្បីថែរក្សា និងសម្អាតពូករបស់អ្នក ឲ្យបានស្អាតល្អ។
១. យកពូក ទៅសម្អាតនៅខាងក្រៅផ្ទះ នៅកន្លែងដែលទូលាយ មានខ្យល់ និងពន្លឺថ្ងៃច្រើនបំផុត
២. គោះពូកខ្លាំងៗ ដើម្បីឲ្យអស់ធូលីដី
៣. យកម៉ាស៊ីនបូមធូលី មកបូមបន្ថែមទៀត
៤. ពិនិត្យមើលកន្លែង ដែលមានស្នាមប្រឡាក់ជាប់ រួចធ្វើការសម្អាត ដោយអ្នកអាចលាយបញ្ចូលគ្នា រវាងទឹកសាប៊ូ និងម្សៅដុតនំប៉័ង រួចយមកជូត ឬត្រដុសកន្លែងប្រឡាក់
៥. អ្នកក៏អាចប្រើទឹកក្រូចឆ្មារ លាយនឹងអំបិល រួចយកមកបាញ់លើពួកទាំងមូល ហើយទុកចោល ៣០ ទៅ ៦០ នាទី មុននឹងជូតសម្អាត ដោយទឹកស្អាត
៦. ក្រោយសម្អាតចប់ អ្នកត្រូវដាក់ពូកហាល នៅកន្លែងដែលមានពន្លឺថ្ងៃខ្លាំងបំផុត ដើម្បីឲ្យវាស្ងួត និងកម្ចាត់មេរោគថែមទៀតផង
៧. ប្រើកម្រាលពូកឆ្លាស់គ្នា ពីរបីថ្ងៃម្តង ដើម្បីកុំឲ្យពូកជាប់មេរោគ ឬប្រឡាក់ខ្លាំងពេក៕