“ការលូតលាស់ផ្នែករាងកាយ សំដៅទៅលើការកើនឡើងនូវកម្ពស់ ទំហំក្បាល និងទម្ងន់ ព្រមទាំងការផ្លាស់ប្តូររាងកាយដទៃទៀត ដែលកើតឡើងនៅពេលកូនរបស់អ្នកធំពេញវ័យ។ សក់ដុះច្រើន ធ្មេញដំបូងចាប់ផ្តើមដុះ ហើយក៏ចាប់ផ្តើមខូចខាតពុកផុយទៅវិញ ហើយបន្តបន្ទាប់មក ភាពពេញវ័យក៏ចូលមកដល់។ វាជាផ្នែកទាំងអស់នៃដំណើរការលូតលាស់របស់កូនអ្នក។” នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារ លឹម វណ្ណនិត ដែលជាគ្រូពេទ្យព្យាបាលគ្លីនិកកុមារ វណ្ណនិត។
ឆ្នាំដំបូងនៃជីវិត គឺជាពេលវេលានៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយ ក្នុងកំឡុងពេលដែលទារករីកលូតលាស់ជាមធ្យម ២៥ សង់ទីម៉ែត្រ និងឡើងគីឡូបីដងនៃទម្ងន់កំណើតរបស់ពួកគេ។
ដោយសារតែកំណើនទាំងអស់ដែលកើតឡើងជាបន្តបន្ទាប់មក ឪពុកម្តាយថ្មីថ្មោងអាចនឹងមានការភ្ញាក់ផ្អើល នៅពេលកូនរបស់ពួកគេមិនបន្តលូតលាស់យ៉ាងឆាប់រហ័ស ដូចឆ្នាំដំបូងបន្ទាប់នៃកំណើត។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត លឹម វណ្ណនិត បន្ទាប់ពីអាយុ ១ ឆ្នាំ ការលូតលាស់របស់ទារកមានល្បឿនយឺតបន្តិច។ អាយុ ២ ឆ្នាំ ជាធម្មតា កម្ពស់បន្តកើនឡើងក្នុងកម្រិតថេរប្រហែល គឺប្រហែលជា ៦ សង់ទីម៉ែត្រក្នុងមួយឆ្នាំរហូតដល់វ័យជំទង់។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមផងដែរថា មិនមានកុមារណាអាចលូតលាស់ក្នុងអត្រាថេរមួយល្អឥតខ្ចោះនៅក្នុងអំឡុងពេលកុមារភាពនោះទេ។ ប៉ុន្តែ តាមការសិក្សាបានឲ្យដឹងថា កុមារហាក់ដូចជាមាននិន្នាការរីកចម្រើនលឿននៅនិទាឃរដូវ (ខែមិនា-មិថុនា) ជាងអំឡុងពេលផ្សេងទៀតនៃឆ្នាំនីមួយៗ។
ការរីកចម្រើនលូតលាស់ដ៏សំខាន់កើតមានឡើងនៅពេលពេញវ័យ ជាទូទៅនៅអាយុចន្លោះពី ៨ ឆ្នាំទៅ ១៣ ឆ្នាំចំពោះក្មេងស្រី ហើយក្មេងប្រុសពី ១០ ទៅ ១៥ ឆ្នាំ។ ភាពពេញវ័យមានរយៈពេលប្រហែល ២ ទៅ ៥ ឆ្នាំ។ ការរីកចម្រើនលូតលាស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍផ្លូវភេទ ដែលរួមបញ្ចូលទាំងការលេចឡើងនៃការដុះរោមលើប្រដាប់ភេទ និងក្លៀក សរីរាង្គផ្លូវភេទ និងរាងកាយទាំងមូល ហើយចំពោះក្មេងស្រី គឺការចាប់ផ្តើមនៃការមករដូវ។
នៅពេលក្មេងស្រីអាយុ ១៥ ឆ្នាំ ហើយក្មេងប្រុសអាយុ ១៦ ឬ ១៧ ឆ្នាំ ភាពរីកចម្រើននៃការពេញវ័យបានបញ្ចប់ ហើយពួកគេនឹងឈានទៅដល់ភាពចាស់ទុំខាងរាងកាយ៕