ជំងឺបេះដូង គឺជាឃាតករលាក់មុខដែលតែងតែឆក់យកជីវិតមនុស្សដោយមិនដឹងខ្លួន ។ មនុស្សភាគច្រើនយល់ច្រឡំថា វិបត្តិគាំងបេះដូង កើតឡើងភ្លាមៗដូចរន្ទះបាញ់ ប៉ុន្តែតាមពិតទៅ រាងកាយរបស់យើងតែងតែផ្ដល់ «សញ្ញាព្រមានជាមុន» ជានិច្ច គ្រាន់តែយើងមើលរំលង ឬគិតថាជាអាការៈហត់នឿយធម្មតា។
ប្រសិនបើអ្នកកំពុងមានអាការៈ តឹងទ្រូង និងដង្ហក់ ចូរអានអត្ថបទនេះដោយយកចិត្តទុកដាក់ ព្រោះវាអាចជាជំហានដំបូងបង្អស់នៃវិបត្តិគាំងបេះដូងដែលជិតមកដល់។
ហេតុអ្វី «តឹងទ្រូង និងដង្ហក់» ជាសញ្ញាអាសន្ននៃបេះដូង?
នៅពេលដែលសរសៃឈាមរត់ទៅចិញ្ចឹមបេះដូងចាប់ផ្តើមត្បៀត ឬស្ទះដោយសារខ្លាញ់ សាច់ដុំបេះដូងនឹងខ្វះអុកស៊ីសែនដើម្បីដកដង្ហើម និងធ្វើការ។ ស្ថានភាពនេះហើយដែលបង្កឱ្យមានរោគសញ្ញាគន្លឹះចំនួន ២ គឺ៖
១. អាការៈតឹងណែនក្នុងទ្រូង
ខុសពីការឈឺសាច់ដុំទ្រូងធម្មតា ការតឹងទ្រូងដោយសារបញ្ហាបេះដូង មានលក្ខណៈដូចជា៖
-មានអារម្មណ៍ថាមាន របស់ធ្ងន់មកសង្កត់ ឬណែនខ្លាំងនៅចំពាក់កណ្តាលទ្រូង ឬទ្រូងខាងឆ្វេង។
-ជួនកាលមានអារម្មណ៍ក្រហាយៗដូចចុកភើរអួល (ធ្វើឱ្យមនុស្សជាច្រើនច្រឡំថាជាជំងឺក្រពះ ឬដុះខ្យល់)។
-ការឈឺ ឬតឹងណែននេះ អាចរាលដាលឡើងទៅថ្គាម ក ស្មា ឆ្អឹងខ្នង ឬចុះទៅដៃខាងឆ្វេង។
២. អាការៈដង្ហក់ និងពិបាកដកដង្ហើម (Shortness of Breath)
នៅពេលបេះដូងចុះខ្សោយ វាមិនអាចច្របាច់ឈាមទៅសួតបានពេញលេញឡើយ ដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថា៖
-ដកដង្ហើមមិនដល់គ្នា ហត់ដង្ហក់ ទោះបីជាកំពុងអង្គុយស្ងៀម ឬធ្វើសកម្មភាពស្រាលៗក៏ដោយ។
-ស្រាប់តែហត់ខ្លាំងខុសធម្មតា នៅពេលដើរឡើងជណ្តើរ ឬដើរក្នុងចម្ងាយជិតៗ ដែលកាលពីមុនអ្នកអាចធ្វើបានដោយគ្មានបញ្ហា។
រោគសញ្ញាអមផ្សេងទៀត ដែលអ្នកមិនត្រូវមើលរំលង
ប្រសិនបើអាការៈតឹងទ្រូង និងដង្ហក់របស់អ្នក កើតឡើងទន្ទឹមនឹងសញ្ញាខាងក្រោមនេះ នោះឱកាសនៃវិបត្តិគាំងបេះដូងគឺខ្ពស់បំផុត៖
– បែកញើសត្រជាក់៖ ស្រាប់តែបែកញើសជោកខ្លួនទាំងត្រជាក់ និងគ្មានមូលហេតុ (មិនមែនមកពីអាកាសធាតុក្តៅ)។
–វិលមុខ និងចង់ក្អួត៖ មានអារម្មណ៍ស្រាលក្បាល វ៉ល់ៗ ដូចចង់សន្លប់។
– រោគសញ្ញាកាន់តែខ្លាំងពេលបញ្ចេញកម្លាំង៖ ឱ្យតែពេលដើរ ធ្វើការ ឬស្ត្រេស គឺដឹងតែតឹងទ្រូង និងហត់ ប៉ុន្តែពេលសម្រាកទៅវិញអាចនឹងធូរស្រាលបន្តិច។
អ្វីដែលអ្នកគួរធ្វើជាបន្ទាន់?
«ពេលវេលា គឺជារបងការពារជីវិត»៖ ក្នុងករណីវិបត្តិគាំងបេះដូង រាល់នាទីដែលកន្លងហួសទៅ មានន័យថាសាច់ដុំបេះដូងរបស់អ្នកកំពុងត្រូវស្លាប់បន្តិចម្តងៗ។
១. កុំបង្ខំធ្វើការបន្ត៖ នៅពេលមានអាការៈតឹងទ្រូង ឬដង្ហក់ ត្រូវឈប់ធ្វើសកម្មភាពភ្លាមៗ រកកន្លែងអង្គុយសម្រាកនៅទីកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ។
២. កុំបើកបរដោយខ្លួនឯង៖ ប្រសិនបើអាការៈមិនថយចុះក្នុងរយៈពេល ៥ ទៅ ១០ នាទី មិនត្រូវប្រថុយបើកបរម៉ូតូ ឬឡានទៅមន្ទីរពេទ្យដោយខ្លួនឯងឡើយ ព្រោះអ្នកអាចសន្លប់តាមផ្លូវ។ ត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ ឬឱ្យសមាជិកគ្រួសារជូនទៅ។
៣. ទៅពិនិត្យអេកូបេះដូង ឬវាស់ចង្វាក់បេះដូង (ECG)៖ ទោះបីជាអាការៈនោះបាត់ទៅវិញក៏ដោយ ក៏អ្នកត្រូវតែទៅជួបគ្រូពេទ្យឯកទេសបេះដូងដើម្បីពិនិត្យឱ្យបានច្បាស់លាស់។