បញ្ហាបេះដូងជាញឹកញាប់ត្រូវបានគេហៅថា ឃាតករស្ងៀមស្ងាត់ ព្រោះរោគសញ្ញាខ្លះអាចមើលទៅដូចជា អាការៈធម្មតា ប៉ុន្តែវា គឺជាសញ្ញាព្រមាននៃគ្រោះថ្នាក់ ។
ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ៗដែលបង្ហាញថា បេះដូងរបស់អ្នកកំពុងមានបញ្ហា ៖
១. អាការៈណែន ឬឈឺទ្រូង
នេះ គឺជាសញ្ញាទូទៅបំផុត។ អ្នកអាចមានអារម្មណ៍ថា៖
-ណែនៗ ដូចមានអ្វីមកសង្កត់លើទ្រូង។
-ឈឺឆៀបៗ ឬក្រហាយៗនៅក្នុងទ្រូង។
+ចំណាំ ៖ ប្រសិនបើវាឈឺខ្លាំង ហើយរាលដាលទៅស្មា ដៃ ឬថ្គាម វាអាចជាសញ្ញានៃការគាំងបេះដូង (Heart Attack) ។
២. ហត់ ឬពិបាកដកដង្ហើម
ប្រសិនបើអ្នកមានអារម្មណ៍ថា ហត់ខុសធម្មតា ទោះបីជាសម្រាក ឬធ្វើសកម្មភាពស្រាលៗ ក៏ដកដង្ហើមមិនចង់ដល់ពោះ នេះអាចជាសញ្ញាថាបេះដូងមិនអាចច្របាច់ឈាមទៅចិញ្ចឹមរាងកាយបានគ្រប់គ្រាន់។
៣. ឈឺរាលដាលទៅផ្នែកខាងលើនៃរាងកាយ
បញ្ហាបេះដូងមិនមែនឈឺតែនៅទ្រូងនោះទេ ជួនកាលវាបង្ហាញសញ្ញាតាមរយៈ៖
-ឈឺដៃឆ្វេង (ឬដៃទាំងសងខាង)។
-ឈឺនៅត្រង់ថ្គាម ក ឬចំហៀងខ្នង។
-ឈឺនៅចុងដង្ហើម (ស្រដៀងនឹងឈឺក្រពះ)។
៤. អស់កម្លាំងល្ហិតល្ហៃខុសធម្មតា
ប្រសិនបើអ្នកមានអារម្មណ៍ថា ខ្សោយខ្លាំង អស់កម្លាំងខ្លាំង ទោះបីជាមិនបានធ្វើការធ្ងន់ ឬទើបតែងើបពីគេងក៏ដោយ វាអាចជាសញ្ញានៃជំងឺខ្សោយបេះដូង។
៥. ចង្វាក់បេះដូងដើរមិនទៀង
មានអារម្មណ៍ថា បេះដូងលោតញាប់ខុសធម្មតា (Palpitations) លោតខុសចង្វាក់ ឬលោតដូចចង់ធ្លាក់មកក្រៅទ្រូង ទោះបីជាអ្នកមិនបានភ័យ ឬហាត់ប្រាណក៏ដោយ។
៦. ហើមជើង និងប្រអប់ជើង
នៅពេលបេះដូងខ្សោយ វាមិនអាចបូមឈាមត្រឡប់មកវិញបានល្អ ដែលបណ្តាលឱ្យជាតិទឹកដក់នៅផ្នែកខាងក្រោមនៃរាងកាយ ធ្វើឱ្យហើមជើង ឬកងជើង។
៧. វិលមុខ ឬចង់សន្លប់
ការថយចុះនៃសម្ពាធឈាម ឬការដែលបេះដូងមិនអាចបូមឈាមទៅចិញ្ចឹមខួរក្បាលបានគ្រប់គ្រាន់ អាចធ្វើឱ្យអ្នកងងឹតមុខ ឬសន្លប់ភ្លាមៗ។