សម័យយើងនេះហើយ គេឈប់និយាយថា នរណាម្នាក់កើតជំងឺទឹកនោមផ្អែមហើយ គេត្រូវនិយាយថា កើតជំងឺទឹកនោមផ្អែមប្រភេទអី? កើតជំងឺទឹកនោមផ្អែមប្រភេទទី១? កើតទឹកនោមផ្អែមប្រភេទទី២ ឬកើតជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ? នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
វេជ្ជបណ្ឌិតត្រូវរករោគវិនិច្ឆ័យ និងប្រភេទជំងឺទឹកនោមផ្អែមជូនអ្នកជំងឺអោយបានច្បាស់លាស់ ។
ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតលើមនុស្សវ័យកណ្តាល (Latent Autoimmune Diabetes of Adults, LADA) គឺទម្រង់មួយនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ។
ទម្រង់នេះ ខុសពីទម្រង់ទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទី១ (កើតលើអ្នកជំងឺវ័យក្មេង ៤-១៤ឆ្នាំ; មានរោគសញ្ញាច្បាស់តាំងតែពីដំបូង ៖ ស្រកទំងន់, ស្រេកទឹក, នោមច្រើន, អស់កំលាំង រឺ សន្ល.ប់)។
ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតលើមនុស្សវ័យកណ្តាលច្រើនរកឃើញនៅអាយុ៣០-៥០ឆ្នាំ ។ មិនសូវមានលេចចេញរោគសញ្ញាទេ ។ ជាហេតុនាំអោយមានការយល់ច្រលំជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២។
តែទោះជាយ៉ាងណា ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតលើមនុស្សវ័យកណ្តាល (ក៏ដូចជំងឺទឹកនោមផ្អែមប្រភេទទី១ ទម្រង់ទូទៅដែរ) បណ្តាលមកពីប្រព័ន្ធភាពស៊ាំខ្លួនអ្នកជំងឺប្រឆាំងលំពែងខ្លួនឯង (កោសិការបែតា ដែលជារោងចក្រផលិតអាំងស៊ុយលីន) ។
វេជ្ជបណ្ឌិតអាចបញ្ជាក់ រោគវិនិច្ឆ័យដោយពិនិត្យឈាម C-Peptide រឺ Ac anti-GAD65, Ac anti-IAA, Ac anti-IA2 ៕
ចំណែកការព្យាបាលគឺ ត្រូវចាត់ទុកដូចជំងឺទឹកនោមផ្អែមប្រភេទទី១ទាំងអស់ដែរ។ អ្នកជំងឺត្រូវព្យាបាលដោយអាំងស៊ុយលីន។