ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។ នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
ក. រោគសញ្ញា៖
– ក្តៅខ្លួនខ្លាំង
– ឈឺក្បាល
– ឈឺសន្លាក់ដៃជើង និងសាច់ដុំ
– ស្នាមអុចក្រហមលើស្បែក
– អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ
ខ. ការវិវត្តន៍នៃជំងឺ និងផលវិបាក៖
១. ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖
– ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
– ហូរឈាមតាមច្រមុះ
– ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ
២. ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
គ. ការកំណត់រោគវិនិច្ឆ័យ៖
– ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះនៅក្នុងឈាមអ្នកជំងឺ។
– ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ អោយបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។
ឃ. ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលអោយមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។
ង. វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
– លុបបំបាត់ជម្រកមូស
– ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
+ គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
+ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
+ ចៀសវាងនៅក្នុងទីងងឺត
+ប្រើផលិតផលការពារមូស (លាបលើស្បែក)