មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី២៤ ខែកញ្ញា បានឱ្យដឹងថា ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជាជំងឺដុំសាច់មហារីក (Esophageal cancer) នៃបំពង់អាហារ ។
១. តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។
ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពង់អាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ងរ ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតគឺត្រូវធ្វើនូវដំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា ។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន ៕