តើអ្នកធ្លាប់មានអារម្មណ៍ក្រហាយទ្រូង ហើមពោះ ឬមានរសជាតិជូរចត់ក្នុងមាត់ក្រោយពេលបាយរួចទេ? ប្រយ័ត្ន! ទាំងនេះអាចជាសញ្ញាព្រមាននៃ ជំងឺច្រាលអាស៊ីតក្រពះ (GERD) ដែលកំពុងរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
តើរោគសញ្ញា និងមូលហេតុមានអ្វីខ្លះ?
១. រោគសញ្ញាដែលបង្ហាញថាអ្នកអាចមានជំងឺច្រាលអាស៊ីតក្រពះ៖
- ក្រហាយទ្រូង: ជាញឹកញាប់ អ្នកនឹងមានអារម្មណ៍ក្តៅ ឬក្រហាយនៅត្រង់ទ្រូង ជាពិសេសក្រោយពេលញ៉ាំអាហារច្រើន ពេលបត់ខ្លួន ឬពេលដេក។
- រសជាតិមិនល្អក្នុងមាត់: អាចមានអារម្មណ៍ល្វីង ជូរ ឬហឹរក្នុងមាត់ដោយសារអាស៊ីតក្រពះច្រាលឡើងមកវិញ។
- ហើមពោះ និងចង្អោរ: ញ៉ាំឆាប់ឆ្អែត ហើមពោះ និងអាចក្អួតបានបន្ទាប់ពីញ៉ាំអាហារ។
២. មូលហេតុដែលបង្កឱ្យមានជំងឺនេះ៖
- ភាពចុះខ្សោយនៃសាច់ដុំបំពង់អាហារ: ការជក់បារី និងការទទួលទានគ្រឿងស្រវឹងអាចធ្វើឱ្យសាច់ដុំដែលបិទផ្លូវរវាងបំពង់អាហារ និងក្រពះចុះខ្សោយ។
- បញ្ហានៃការរំលាយអាហារ: ការរំលាយអាហារយឺតយ៉ាវ ឬជំងឺទឹកនោមផ្អែមអាចបណ្ដាលឱ្យចំណីអាហារនៅជាប់ក្នុងក្រពះយូរជាងធម្មតា។
- របបអាហារមិនត្រឹមត្រូវ: ការញ៉ាំអាហារមានជាតិខ្លាញ់ និងអាហារមានរសជាតិជូរ ហឹរ ពេកក៏អាចបង្កឱ្យមានបញ្ហានេះដែរ។
តើត្រូវព្យាបាល និងថែទាំខ្លួនឯងដោយរបៀបណា?
១. វិធីព្យាបាលដោយវេជ្ជសាស្ត្រ៖
- ប្រើថ្នាំ: គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំដើម្បីបន្ថយការផលិតអាស៊ីតក្រពះ និងជួយព្យាបាលបំពង់អាហារដែលរលាក។
- ការវះកាត់: ក្នុងករណីធ្ងន់ធ្ងរ ឬការប្រើថ្នាំមិនមានប្រសិទ្ធភាព គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់។
២. វិធីកែប្រែទម្លាប់រស់នៅ៖
- កែសម្រួលរបបអាហារ: ជៀសវាងអាហារហឹរ ជូរ ខ្លាញ់ច្រើន តែ កាហ្វេ និងសូកូឡា។
- កែសម្រួលទម្លាប់ញ៉ាំ: គួរញ៉ាំអាហារតិចៗ តែញឹកញាប់ ហើយជៀសវាងញ៉ាំច្រើននៅពេលយប់។ ត្រូវរង់ចាំយ៉ាងហោចណាស់ ៤ ម៉ោងមុនពេលចូលគេង។
- របៀបរស់នៅ: គេងដោយលើកក្បាលឱ្យខ្ពស់បន្តិច ជៀសវាងស្លៀកពាក់តឹងណែន និងហាត់ប្រាណឱ្យបានទៀងទាត់។
ជំងឺច្រាលអាស៊ីតក្រពះអាចក្លាយជាបញ្ហារ៉ាំរ៉ៃប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក និងអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះ ប្រសិនបើអ្នកសង្ស័យថាមានរោគសញ្ញាទាំងនេះ សូមកុំស្ទាក់ស្ទើរក្នុងការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត