មនុស្សជាច្រើនតែងតែយល់ច្រឡំថា ជំងឺបូសអន្ទង់ (Anal Fistula) គឺជាជំងឺដែលពិបាកព្យាបាល ឬតែងតែលាប់ឡើងវិញក្រោយពេលវះកាត់។ ប៉ុន្តែការពិតមិនដូចការគិតនោះទេ។ តាមរយៈអត្ថបទនេះ យើងនឹងឈ្វេងយល់ពីរឿងរ៉ាវទាំងអស់ដែលទាក់ទងនឹងជំងឺបូសអន្ទង់ និងវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត។
១. អ្វីទៅជាជំងឺបូសអន្ទង់?
ជំងឺបូសអន្ទង់ គឺជាប្រភេទបូសដែលកើតឡើងនៅបរិវេណរន្ធគូថ ដោយសារតែការស៊ីចាក់រូងពីក្រពេញតូចៗនៅខាងក្នុងរន្ធគូថចេញមកខាងក្រៅ។ ទោះបីជាជំងឺនេះកើតមានភាគច្រើនលើមនុស្សពេញវ័យក៏ដោយ ក៏ក្មេងតូចៗក៏អាចជួបប្រទះដែរ។
២. រោគសញ្ញាដែលអ្នកគួរប្រយ័ត្ន
តើអ្នកមានអារម្មណ៍ថា៖
- មានដុំពកហើម និងឈឺនៅតំបន់គូថ?
- ឈឺចាប់នៅខាងក្នុងរន្ធគូថ?
- មានខ្ទុះហូរ ឬមានអារម្មណ៍ថាមានជាតិទឹកសើមជាប់ជាប្រចាំ?
- មានអាការៈរមាស់នៅរន្ធគូថ?
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
៣. តើអ្វីជាមូលហេតុ?
តាមការសន្និដ្ឋាន ជំងឺបូសអន្ទង់បណ្តាលមកពីការស្ទះរន្ធនៃក្រពេញតូចៗធម្មជាតិនៅក្នុងរន្ធគូថ ដែលធ្វើឲ្យមានខ្ទុះកកស្ទះ និងបង្កជាផ្លូវរូងចេញមកខាងក្រៅ។
៤. វិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព
ការព្យាបាលតែមួយគត់ដែលអាចធ្វើឲ្យជំងឺនេះជាសះស្បើយគឺ ការវះកាត់។ ការប្រើប្រាស់ថ្នាំផ្សះ (Antibiotics) តែមួយមុខមិនអាចព្យាបាលជំងឺនេះឲ្យជាដាច់បានឡើយ។
- ការវះបង្ហូរខ្ទុះ (Drainage)
នេះជាការវះកាត់បណ្តោះអាសន្នដើម្បីបន្ថយការឈឺចាប់នៅពេលបូសកំពុងហើមខ្លាំង។ គ្រូពេទ្យនឹងចាក់ថ្នាំស្ពឹក និងវះបង្ហូរខ្ទុះចេញ ប៉ុន្តែវាមិនមែនជាដំណោះស្រាយយូរអង្វែងទេ។ ប្រសិនបើមិនធ្វើការវះផ្តាច់ផ្លូវរូងរបស់វាទេ បូសនេះនឹងលាប់មកវិញជាមិនខាន។ - ការវះកាត់ផ្តាច់ផ្លូវរូង (Fistulotomy)
នេះជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព និងមិនងាយលាប់ឡើងវិញ។ គ្រូពេទ្យនឹងវះកាត់ផ្តាច់ផ្លូវរូង និងប្រភពដើមរបស់បូសដែលស្ថិតនៅខាងក្នុងរន្ធគូថ។ ការវះកាត់នេះត្រូវបានធ្វើឡើងក្នុងបន្ទប់វះកាត់ដោយប្រើថ្នាំស្ពឹកត្រឹមចង្កេះចុះក្រោម។ ក្រោយវះកាត់ អ្នកជំងឺគ្រាន់តែសម្រាកតាមដាននៅមន្ទីរពេទ្យតែមួយថ្ងៃប៉ុណ្ណោះ ហើយអាចត្រឡប់ទៅផ្ទះ និងធ្វើការងារបានជាធម្មតា។
៥. កុំមើលរំលង! ផលវិបាកគ្រោះថ្នាក់អាចកើតមាន
ប្រសិនបើបូសអន្ទង់មិនត្រូវបានព្យាបាលបានត្រឹមត្រូវ ឬព្យាបាលដោយប្រើថ្នាំអូសបន្លាយពេលយូរ វាអាចបង្កឲ្យមានការរាលដាលធំ (Cellulitis or Fournier’s Gangrene) និងឆ្លងមេរោគចូលក្នុងឈាម ដែលអាចបណ្ដាលឲ្យបាត់បង់ជីវិតបាន។ ករណីនេះងាយកើតឡើងជាពិសេសចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជាអ្នកជំងឺទឹកនោមផ្អែម និងមនុស្សចាស់ជរា។
ដូច្នេះ ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ សូមកុំស្ទាក់ស្ទើរ។ ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបានរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត