ពលរដ្ឋវៀតណាមជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានកំពុងតែប្រឈមមុខនឹងការខូចខាតក្រលៀន ឬតម្រងនោម ដោយសារតែពពួកអាហារដែលសម្បូរទៅដោយសារធាតុសូដ្យូមខ្ពស់ ឬប្រៃខ្លាំង ខណៈដែលពពួកអាហារទាំងនេះ ក៏មាននៅក្នុងប្រទេសកម្ពុជាដែរ ។
នៅប្រទេសវៀតណាម មានមនុស្សជាង១០លាននាក់ កើតជំងឺនេះ ពោល គឺស្មើនឹង១០,១ភាគរយនៃចំនួនប្រជាជន ហើយជាប់ចំណាត់ថ្នាក់ទី៨ នៅក្នុងបញ្ជីនៃមូលហេតុនាំមុខគេនៃការស្លាប់ ។
សារព័ត៌មានដដែលបានអះអាងថា ជំងឺនេះបាន និងកំពុង មានឥទ្ធិពលកាន់តែខ្លាំងឡើង ចំពោះយុវជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម VN Express បានឲ្យដឹងថា ពពួកអាហារដែលសម្បូរសូដ្យូមខ្ពស់ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់តម្រងនោមនោះ គឺមានដូចជា ពពួកអាហារជ្រក់ ត្រីងៀត ទឹកត្រី អាហារកែច្នៃដូចជា មី សាច់ក្រក គ្រឿងកំប៉ុង និងអាហារសម្រន់ផ្សេងៗ ។
តាមអត្ថបទនេះ ជាទូទៅគ្រលៀនមនុស្ស គឺគ្រោះថ្នាក់ខ្លាំងបំផុត គឺពពួកអាហារផ្អែម និងប្រៃខ្លាំងនេះឯង ។ មកដល់ពេលនេះ ជំងឺតម្រងនោមរ៉ាំរ៉ៃប៉ះពាល់ដល់មនុស្សជិត៨៥០ លាននាក់នៅទូទាំងពិភពលោក ហើយវាជាមូលហេតុដែលកើនឡើងលឿនបំផុតទីបីនៃការស្លាប់ ៕