តើអ្នកធ្លាប់មានអារម្មណ៍អស់កម្លាំង រមាស់ស្បែក ហើយបន្ទាប់មកមានពងទឹកលេចឡើងដែរឬទេ? ប្រសិនបើដូច្នេះ អ្នកប្រហែលជាកំពុងប្រឈមនឹងជំងឺរើមហើយ។ ជំងឺនេះមិនមែនជាជំងឺស្បែកធម្មតានោះទេ តែជាជំងឺបណ្តាលមកពីវីរុស Varicella Zoster Virus ដែលជាវីរុសបង្កជំងឺអុតស្វាយ។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីជាសះស្បើយពីជំងឺអុតស្វាយ វីរុសនេះមិនបាត់ទៅណាទេ តែវាគ្រាន់តែលាក់ខ្លួននៅក្នុងប្រព័ន្ធសរសៃប្រសាទរបស់អ្នក។ នៅពេលដែលសុខភាពរបស់អ្នកចុះខ្សោយ វីរុសនេះនឹងរើឡើងវិញ ហើយបង្កជាជំងឺរើម។
តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺនេះ?
អ្នកអាចប្រឈមនឹងជំងឺរើម ប្រសិនបើអ្នក៖
- មានអាយុកាន់តែច្រើន: ភាពស៊ាំរបស់រាងកាយចុះខ្សោយទៅតាមអាយុ។
- មានជំងឺរ៉ាំរ៉ៃ: ដូចជាជំងឺ HIV ឬអ្នកដែលប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ។
- អ្នកជំងឺប្តូរសរីរាង្គ: អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
រោគសញ្ញាដែលត្រូវចាប់អារម្មណ៍
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលមានពងទឹកលេចឡើង អ្នកជំងឺអាចមានអាការៈដូចជា៖
- អស់កម្លាំង និងក្តៅខ្លួនតិចៗ។
- ស្បែកមានអារម្មណ៍រមាស់ ឬក្រហាយនៅតំបន់ដែលវានឹងលេចឡើង។
បន្ទាប់មក ពងទឹកតូចធំជាច្រើននឹងលេចឡើងជាកញ្ចុំ ឬជាផ្ទាំងៗនៅត្រង់ទ្រូង, មុខ, ដៃ ឬកន្លែងណាមួយនៅលើខ្លួន។ អ្វីដែលពិសេសគឺថា វាតែងតែចេញតែនៅ ម្ខាងនៃដងខ្លួន ឬ ផ្នែកណាមួយ ប៉ុណ្ណោះ។
ក្រោយពី ៧ ទៅ ១០ ថ្ងៃ ពងទឹកទាំងនោះនឹងក្រាំងទៅជាក្រមរ ហើយអាចបន្សល់ទុកស្នាម។ ការឈឺចាប់ និងក្រហាយស្បែកក៏អាចកើតមានផងដែរ ដែលក្នុងករណីខ្លះអាចវិវត្តទៅជាការឈឺសរសៃប្រសាទរ៉ាំរ៉ៃ។
ត្រូវធ្វើអ្វីខ្លះ?
ដើម្បីការពារខ្លួន សូមថែរក្សាអនាម័យខ្លួនប្រាណឱ្យបានល្អ និងការពារពីជំងឺអុតស្វាយ។ ប្រសិនបើអ្នកសង្ស័យថាមានជំងឺរើម សូមកុំស្ទាក់ស្ទើរ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកឱ្យបានឆាប់បំផុត ដើម្បីទទួលបានការប្រឹក្សា និងការព្យាបាលប្រកបដោយប្រសិទ្ធភាព៕