ជំងឺថ្លើម គឺជាជំងឺមួយដែលពិបាកសម្គាល់នៅដំណាក់កាលដំបូង ព្រោះជារឿយៗវាអាចនឹងគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជំងឺថ្លើមកាន់តែវិវត្តទៅមុខ រោគសញ្ញាអាចនឹងចាប់ផ្តើមលេចឡើង។
ខាងក្រោមនេះជារោគសញ្ញាសំខាន់ៗនៃជំងឺថ្លើមដែលអ្នកគួរដឹង៖
១. រោគសញ្ញាទូទៅ
ខាន់លឿង: ស្បែក និងភ្នែកប្រែជាពណ៌លឿងដោយសារតែសារធាតុប៊ីលីរុយប៊ីន (bilirubin) កើនឡើងក្នុងឈាម ។
ហត់នឿយ និងខ្សោយកម្លាំង: មានអារម្មណ៍អស់កម្លាំងខ្លាំង ទោះបីជាបានសម្រាកគ្រប់គ្រាន់ក៏ដោយ។
ឈឺពោះ និងហើមពោះ: ឈឺ ឬមានអារម្មណ៍មិនស្រួលនៅផ្នែកខាងស្តាំនៃពោះត្រង់ក្រោមឆ្អឹងជំនី និងមានអាការៈហើមពោះ។
រមាស់ស្បែក: មានអារម្មណ៍រមាស់ពេញខ្លួនដោយគ្មានមូលហេតុច្បាស់លាស់។
ទឹកនោមប្រែពណ៌: ទឹកនោមមានពណ៌ក្រម៉ៅ ឬដូចតែ។
លាមកប្រែពណ៌: លាមកមានពណ៌ស្លេក ឬពណ៌ដីឥដ្ឋ។
បាត់បង់ចំណង់អាហារ: មិនមានអារម្មណ៍ចង់ញ៉ាំអាហារ និងអាចស្រកទម្ងន់។
២. រោគសញ្ញាធ្ងន់ធ្ងរ
នៅពេលជំងឺថ្លើមកាន់តែធ្ងន់ធ្ងរ ហើយឈានទៅដល់ដំណាក់កាលក្រិនថ្លើម (Cirrhosis) ឬខ្សោយថ្លើម (Liver Failure) រោគសញ្ញាអាចនឹងកាន់តែច្បាស់ និងធ្ងន់ធ្ងរដូចជា ៖
ហើមជើង និងកជើង: រាងកាយទប់ជាតិទឹកមិនបានល្អ បណ្ដាលឲ្យហើមជើង និងកជើង។
ងាយជាំ និងហូរឈាម: ស្បែកងាយជាំ និងមានឈាមច្រមុះ ឬហូរឈាមតាមអញ្ចាញធ្មេញ។
ច្រឡំ ឬវង្វេង: ដោយសារជាតិពុលប្រមូលផ្តុំក្នុងខួរក្បាល។
ក្អួតឈាម: ដោយសារមានការដាច់សរសៃឈាមនៅក្នុងបំពង់អាហារ។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា ។ ការរកឃើញ និងព្យាបាលជំងឺថ្លើមបានលឿន នឹងជួយការពារការខូចខាតធ្ងន់ធ្ងរដល់ថ្លើម៕