ជំងឺភ្នែកក្រហម (Pink eye ឬ Conjunctivitis) គឺជាការរលាកស្រោមភ្នែកដែលអាចបង្កឡើងដោយមេរោគ, បាក់តេរី, ឬអាលែហ្ស៊ី។ ការយល់ដឹងពីរោគសញ្ញានិងវិធីការពារអាចជួយអ្នកចៀសវាងការឆ្លងជំងឺនេះបាន។
រោគសញ្ញាសំខាន់ៗ
- រោគសញ្ញាទូទៅ: រលាកភ្នែក, ក្រហាយ, ភ្នែកឡើងក្រហម, ហូរទឹកភ្នែកច្រើនជាងធម្មតា។
- បង្កដោយមេរោគ: អាចមានរោគសញ្ញាបន្ថែមដូចជា ភ្នែកប្រតិកម្មនឹងពន្លឺ (Photophobia), ត្របកភ្នែកហើម, ហើមកូនកណ្តុរនៅពីក្រោយត្រចៀក។ ពេលខ្លះក៏មាន ក្អក, ឈឺបំពង់ក និងហៀរសំបោរ ដែរ។
- បង្កដោយបាក់តេរី: ភ្នែកអាចមាន ទឹករំអិលពណ៌បៃតង ឬលឿង ច្រើន។ អ្នកខ្លះអាចបើកភ្នែកបាន ប៉ុន្តែការមើលឃើញអាចមិនច្បាស់។
- បង្កដោយអាលែហ្ស៊ី: រោគសញ្ញាអាចមិនសូវធ្ងន់ធ្ងរ តែមានអារម្មណ៍ ក្រហាយភ្នែក, រមាស់ត្របកភ្នែក ហើយទឹកភ្នែកហូរញឹកញាប់។
វិធីការពារការឆ្លងរាលដាល
ជំងឺភ្នែកក្រហមអាចចម្លងបានយ៉ាងងាយ។ សូមអនុវត្តតាមការណែនាំទាំងនេះដើម្បីការពារខ្លួនអ្នក៖
- ជៀសវាងការប៉ះពាល់ជាមួយទឹកមិនស្អាត: កុំលេងក្នុងទឹកលិច ឬហែលទឹកជាមួយអ្នកដែលមានជំងឺភ្នែកក្រហម។
- លាងសម្អាតភ្លាមៗ: ប្រសិនបើទឹកកខ្វក់ហូរចូលភ្នែក សូមលាងទឹកចេញភ្លាមៗដើម្បីការពារការរលាក។
- កុំប៉ះពាល់ជាមួយអ្នកជំងឺ: ជៀសវាងនៅជិតអ្នកដែលមានជំងឺភ្នែកក្រហម ហើយកុំប្រើប្រាស់របស់របរផ្ទាល់ខ្លួនរួមគ្នា ដូចជា កន្សែង ឬភួយ។
- រក្សាអនាម័យខ្លួនឯង: លាងដៃឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់វត្ថុសាធារណៈ។ ជៀសវាងការ ប៉ះ ឬត្រដុសភ្នែក ដោយដៃដែលមិនទាន់លាងសម្អាត។
- ជៀសវាងកន្លែងដែលមានមនុស្សច្រើន: កន្លែងដែលមានមនុស្សច្រើនដូចជា រថយន្តក្រុងសាធារណៈ ឬស្ថានីយរថភ្លើង អាចបង្កើនហានិភ័យនៃការឆ្លងមេរោគ៕
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលសមស្រប៕