អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?
យោងតាមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា អាស៊ីតអ៊ុយរិក គឺជាកាកសំណល់មេតាបូលិកដែលកើតចេញពីការផលិតរបស់រាងកាយផ្ទាល់ ឬមកពីការញ៉ាំអាហារដែលមានជាតិ ពុយរីន (Purine) ច្រើនហួសហេតុ។ នៅពេលដែលកម្រិតអាស៊ីតអ៊ុយរិកកើនឡើងខ្ពស់នៅក្នុងឈាម (Hyperuricemia) វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់សន្លាក់ និងតម្រងនោម។
រោគសញ្ញាសំខាន់ៗ
- ការឈឺសន្លាក់: ជាទូទៅវាឈឺតែម្ខាងៗដូចជា ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ ជាដើម ជាពិសេសគឺម្រាមមេជើង។
- ការហើម និងក្តៅ: សន្លាក់ដែលឈឺមានសភាពហើម និងក្តៅ ជាពិសេសនៅពេលយប់។
- ដុំពកក្រោមស្បែក: អាចមានដុំពកកំណកជាតិអាស៊ីត (ដុំតូហ្វី – tophi) លេចឡើងក្រោមស្បែក។
- ឈឺខ្លាំងក្រោយញ៉ាំអាហារ: អាការៈឈឺសន្លាក់កាន់តែធ្ងន់ធ្ងរក្រោយពេលពិសា ស្រា, ស្រាបៀរ, គ្រឿងសមុទ្រ, សាច់ក្រហម ឬគ្រឿងក្នុងសត្វ។
មូលហេតុ និងកត្តារួមផ្សំ
- ជំងឺនេះភាគច្រើនកើតលើ បុរសដែលមានវ័យលើសពី ៥០ ឆ្នាំ។
- ជាង ៩៥% នៃករណីកើតជំងឺនេះ មិនមានមូលហេតុជាក់លាក់ នោះទេ។
- មូលហេតុផ្សេងៗ: ជំងឺ ខ្សោយតម្រងនោមរ៉ាំរ៉ៃ, ជំងឺបែកគ្រាប់ឈាម និង ជំងឺក្រពេញទីរ៉ូអ៊ីត ក៏អាចបង្កឱ្យមានការកើនឡើងជាតិអាស៊ីតអ៊ុយរិកដែរ។
- ការប្រើថ្នាំ: ការប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់គ្រូពេទ្យក៏ជាកត្តាមួយដែរ។
ចំណុចសម្គាល់
ដើម្បីការពារ និងគ្រប់គ្រងជំងឺនេះ អ្នកគួរតែកាត់បន្ថយការញ៉ាំអាហារដែលមានជាតិពុយរីនខ្ពស់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕