រាជធានីភ្នំពេញ៖ កុមារាកម្សត់មួយរូប មានអាយុជាង១០ឆ្នាំទទួលបានការសង្គ្រោះជីវិតឱ្យរស់រានមានជីវិតឡើងវិញ បន្ទាប់ពីកុមាររូបនេះកើតជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារមុតជើងនឹងដែកគោល។
យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្មេងប្រុសអាយុ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរបំផុត ក្រោយមុតជើងនឹងដែកគោល អ្នកជំងឺ ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្រោយសម្រាកពេទ្យអស់២៥ថ្ងៃ
បន្ទាប់ពីការព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើមនិងថ្នាំសន្តំរំលារសាច់ដុំ២០ថ្ងៃ យ៉ាងលំបាក កុមារា ម្នាក់នេះបានរស់រៀនមានជីវិតថ្មី។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានធ្វើការអំពាវនាវដល់ម្ដាយឪពុក គប្បីប្រុងប្រុយ័ត្នចំពោះកូនៗ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ និងបង្ការជំងឺដង្កាត់ផងដែរ។
យោងតាមរបាយការណ៍ បានឱ្យដឹងថារយៈពេលពេញ១ខែកក្កដាឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះចំនួន ៩២.១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២.៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣.៩១៨នាក់៕