សម្រាប់អ្នកកើតជំងឺបេះដូង ការគ្រប់គ្រងរបបអាហារ គឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាក និងរក្សាសុខភាពបេះដូងឱ្យកាន់តែប្រសើរឡើង ។ ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយគ្រប់គ្រងសម្ពាធឈាម កូលេស្តេរ៉ុល និងជាតិស្ករក្នុងឈាម ដែលសុទ្ធតែជាកត្តាជះឥទ្ធិពលដល់បេះដូង។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកជំងឺបេះដូងគួរតែចៀសវាង ឬកាត់បន្ថយការទទួលទាន៖
១. សូដ្យូម (អំបិល) ខ្ពស់
អាហារកែច្នៃ ៖ ដូចជាសាច់ក្រក សាច់ប្រៃ ត្រីងៀត អាហារកំប៉ុង (ស៊ុបកំប៉ុង បន្លែកំប៉ុង) ទឹកជ្រលក់មួយចំនួន (ទឹកស៊ីអ៊ីវ ទឹកត្រី) និងអាហារសម្រន់វេចខ្ចប់ ។
អាហារ Fast Food ៖ ភីហ្សា ហាំប៊ឺហ្គឺរ បំពងដំឡូងបារាំង សុទ្ធតែមានជាតិសូដ្យូមខ្ពស់។
មូលហេតុ ៖ ការទទួលទានសូដ្យូមច្រើនពេកអាចបណ្ដាលឱ្យលើសសម្ពាធឈាម ដែលជាកត្តាហានិភ័យដ៏ធំនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
២. ខ្លាញ់មិនល្អ (Trans Fats និង Saturated Fats)
ខ្លាញ់ Trans Fats (ខ្លាញ់បំប្លែង)៖ រកឃើញនៅក្នុងអាហារកែច្នៃ នំដុត (នំប៊ីសស្គី នំខេក) អាហារចៀនបំពង និងអាហារ Fast Food ជាច្រើន។
ខ្លាញ់ Saturated Fats (ខ្លាញ់ឆ្អែត)៖ រកឃើញភាគច្រើននៅក្នុងសាច់ក្រហម (សាច់គោ ខ្លាញ់ជ្រូក) ផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ (ប៊ឺរ ឈីស ទឹកដោះគោជូរមានខ្លាញ់ខ្ពស់) និងប្រេងដូង ឬប្រេងត្នោត។
មូលហេតុ៖ ខ្លាញ់ទាំងនេះបង្កើនកូលេស្តេរ៉ុលអាក្រក់ (LDL) និងកាត់បន្ថយកូលេស្តេរ៉ុលល្អ (HDL) ដែលអាចនាំឱ្យកកស្ទះសរសៃឈាម (Atherosclerosis) និងបង្កើនហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
៣. ជាតិស្ករបន្ថែម (Added Sugars)
ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច កូកាកូឡា ទឹកសូដា ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើកែច្នៃ។
បង្អែម និងនំផ្អែម៖ ស្ករគ្រាប់ ការ៉េម នំខេក នំប៊ីសស្គី សុីរ៉ូ។
មូលហេតុ៖ ការទទួលទានជាតិស្ករច្រើនលើសលប់អាចរួមចំណែកដល់ការឡើងទម្ងន់ លើសសម្ពាធឈាម ការរលាករ៉ាំរ៉ៃ និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលសុទ្ធតែជាកត្តាហានិភ័យសម្រាប់ជំងឺបេះដូង។
៤. កាបូអ៊ីដ្រាតចម្រាញ់ (Refined Carbohydrates)
នំប៉័ងស អង្ករស ប៉ាស្តាស និងផលិតផលធ្វើពីម្សៅសផ្សេងៗ៖ ដូចជានំបញ្ចុក គុយទាវ។
មូលហេតុ៖ អាហារទាំងនេះត្រូវបានកែច្នៃយកជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗចេញអស់ ដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន ហើយអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងបញ្ហាបេះដូង។
៥. គ្រឿងស្រវឹង
ស្រាបៀរ ស្រា និងភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ ៖ ការទទួលទានច្រើនពេកអាចបណ្ដាលឱ្យលើសសម្ពាធឈាម ធ្វើឱ្យខូចសាច់ដុំបេះដូង (Cardiomyopathy) និងបង្កើនជាតិខ្លាញ់ក្នុងឈាម (Triglycerides)។
មូលហេតុ៖ ជាតិអាល់កុលអាចប៉ះពាល់ដល់ចង្វាក់បេះដូង និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
៦. សាច់កែច្នៃ
សាច់ក្រក និងសាច់ដែលជក់ផ្សែង ៖ អាហារទាំងនេះសម្បូរទៅដោយសូដ្យូម ខ្លាញ់ឆ្អែត និងសារធាតុរក្សាទុកដែលមិនល្អសម្រាប់សុខភាពបេះដូង ៕