ពេលមានសំបោរ ឬកំហាក យើងតែងតែញើស និងខាកចេញដោយមិនបានចាប់អារម្មណ៍ ប៉ុន្តែតាមពិតទៅ ពណ៌របស់សំបោរអាចជាសញ្ញាមួយបញ្ជាក់ពីបញ្ហាសុខភាពរបស់យើង។ យើងទាំងអស់គ្នាតែងតែជួបប្រទះការហៀរសំបោរ ឬធ្លាក់ចូលបំពង់ក ដែលតម្រូវឱ្យយើងញើស ឬខាកចេញមក។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ផ្លូវដង្ហើម និងអាហាររបស់មនុស្សយើងមានភ្នាសកោសិកា ដែលជាកន្លែងផលិតសំបោរ រំអិល និងស្លេស។ មិនថានៅក្នុងច្រមុះ ស៊ីនុស មាត់ បំពង់ក បំពង់សំឡេង ឬបំពង់ខ្យល់ ពួកវាមានតួនាទីការពារមេរោគ ការរលាកកកិត និងធ្វើឱ្យមានសំណើមគ្រប់ពេលវេលា។ ហេតុដូច្នេះហើយ នៅពេលដែលភ្នាសកោសិកាស្ងួត វាងាយនឹងបង្ករោគ។
សំបោរ ឬរំអិលនៅផ្លូវដង្ហើមមានតួនាទីចាប់យកវត្ថុផ្សេងៗដែលចូលមកក្នុងរាងកាយយើង តាមរយៈការដកដង្ហើម។ រាងកាយមនុស្សផលិតសំបោរ ឬទឹករំអិលប្រហែល ២ លីត្រក្នុង ១ ថ្ងៃ។
មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរ ឬកំហាកនោះទេ ប៉ុន្តែពណ៌សំបោរអាចបញ្ជាក់ពីបញ្ហាសុខភាពច្រមុះរបស់អ្នកដូចខាងក្រោម៖
ពណ៌ទឹកសំបោរ និងអត្ថន័យសុខភាព
- ពណ៌សថ្លា:
- មូលហេតុ: បណ្ដាលមកពីផ្ដាសាយ រលាកផ្លូវដង្ហើមខាងលើ ឬអាលែកហ្ស៊ីច្រមុះ។ ពពួកវីរុសបង្កឱ្យរលាកភ្នាសកោសិកាដែលបញ្ចេញសារធាតុ Histamine ជំរុញឱ្យមានការផលិតទឹកសំបោរយ៉ាងច្រើន។
- ដំណោះស្រាយ: ការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។
- ពណ៌ស:
- មូលហេតុ: សំបោរមានលក្ខណៈក្រាស់ ស្អិត និងសល្អក់ អាចមកពីការស្ទះនៅក្នុងច្រមុះរយៈពេលយូរ បណ្ដាលមកពីភ្នាសច្រមុះហើម។ ក្រៅពីនោះ រួមផ្សំនឹងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេកក៏អាចជាមូលហេតុដែរ។
- ពណ៌លឿង:
- មូលហេតុ: មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ ឬស៊ីនុស។ ប្រព័ន្ធភាពស៊ាំរបស់រាងកាយបានប្រឆាំងនឹងមេរោគធ្វើឱ្យមេរោគស្លាប់ បូកផ្សំនឹងរំអិលលាយខ្ទុះ រួមផ្សំគ្នាធ្វើឱ្យសំបោរមានពណ៌លឿង។
- ពណ៌ប្រផេះ:
- មូលហេតុ: អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមាន ឫសដូងច្រមុះ ដែលកើតចេញពីការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះ ឬស៊ីនុស។ ឫសដូងច្រមុះមានសណ្ឋានដូចផ្លែទំពាំងបាយជូរ ដែលបណ្ដាលមកពីអាលែកហ្ស៊ីច្រមុះ រលាកស៊ីនុសរ៉ាំរ៉ៃ ឬជំងឺហឺត។
- ពណ៌ខៀវ:
- មូលហេតុ: បង្ហាញថារាងកាយកំពុងប្រឆាំងនឹងបាក់តេរី ដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។
- ពណ៌ក្រហម:
- មូលហេតុ: កើតឡើងដោយសារសរសៃឈាមច្រមុះដាច់លាយជាមួយទឹកសំបោរ។ សរសៃឈាមដាច់អាចបណ្ដាលមកពីភ្នាសច្រមុះស្ងួត ឬរបួសច្រមុះ ការរលាកច្រមុះ ឬរោគសរសៃឈាមផ្សេងៗ។
- ចំណាំ: ការមានឈាមច្រមុះម្ខាង ឬសងខាង ត្រូវមកពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់។
- ពណ៌ខ្មៅ:
- មូលហេតុ: ការដែលទឹកសំបោរមានពណ៌ខ្មៅ ច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថានមានការបំពុលបរិយាកាសខ្លាំង និងការបង្ករោគដោយពពួកផ្សិតនៅច្រមុះ ឬស៊ីនុស។
ចំណុចសម្គាល់
ប្រើសិនបើពណ៌ទឹកសំបោររបស់លោកអ្នកដូចរៀបរាប់ខាងលើ នៅពេលញើស ឬខាកស្ដោះ ឬមានសភាពមិនប្រក្រតី គួរអញ្ជើញទៅពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា៕