យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាបូសអន្ទង់គឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។
អ្វីជាមូលហេតុ?
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។
រោគសញ្ញាបូសអន្ទង់មានអ្វីខ្លះ?
- មានដុំពកហើម និងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
- ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
- មានហូរខ្ទុះនៅបាត
- មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
- រមាស់នៅបាត៕