តើអ្នកជាម្នាក់ដែលចូលចិត្តចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងទឹកក្រឡុកដ៏ត្រជាក់ស្រស់ស្រាយ ឬបន្ធូរអារម្មណ៍នៅពេលរសៀលជាមួយនឹងទឹកក្រឡុកផ្លែឈើឆ្ងាញ់ៗដែរឬទេ? ទឹកក្រឡុកបានក្លាយជាភេសជ្ជៈដ៏ពេញនិយម និងជាជម្រើស “មានសុខភាពល្អ” សម្រាប់មនុស្សជាច្រើន។ យ៉ាងណាមិញ តើអ្នកដឹងទេថា ភេសជ្ជៈដែលមើលទៅល្អឥតខ្ចោះនេះ ក៏អាចជាដាវមុខពីរ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្ន?
តស់! មកឈ្វេងយល់ពីផលប៉ះពាល់ដែលទឹកក្រឡុកអាចបង្ក ប្រសិនបើអ្នកទទួលទានច្រើនពេក ឬមិនបានត្រឹមត្រូវ៖
១. ជាតិស្ករខ្ពស់លើសលប់ ច្រើនជាងបាយមួយចានទៅទៀត! វាបង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្នុងនោះឡើងទម្ងន់ និងធាត់លឿន បណ្តាលឱ្យមានជំងឺខ្លាញ់រុំថ្លើមទៀតផង។
២. ឡើងកាឡូរីលឿន ជាមូលហេតុចម្បងមួយនៃការឡើងទម្ងន់ និងធាត់។
៣. ហានិភ័យបាក់តេរី និងជាតិពុល៖ ប្រសិនបើផ្លែឈើដែលប្រើមិនត្រូវបានលាងសម្អាតឲ្យបានត្រឹមត្រូវ ទឹកកកមិនស្អាត ឬអ្នកលក់មិនបានរក្សាអនាម័យល្អ នោះទឹកក្រឡុកអាចមានផ្ទុកបាក់តេរីដែលអាចបង្កឲ្យពុលអាហារ។ ជាងនេះទៅទៀត ប្រសិនបើប្រើផ្លែឈើមិនស្រស់ ឬខូច វាអាចផលិតជាតិពុលដែលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
៤. ធ្វើឲ្យធ្មេញឆាប់ពុក៖ ជាតិស្ករខ្ពស់ រួមផ្សំនឹងអាស៊ីតធម្មជាតិពីផ្លែឈើក្នុងទឹកក្រឡុក អាចបណ្ដាលឲ្យខូចស្រទាប់ការពារធ្មេញបណ្តាលឲ្យធ្មេញឆាប់ពុក និងប្រេះស្រាំ ប្រសិនបើទទួលទានញឹកញាប់ពេក ហើយមិនបានសម្អាតមាត់ធ្មេញបានល្អ៕