នៅពីក្រោយរសជាតិដ៏គួរឲ្យចង់ញ៉ាំ ផ្អកក៏អាចជាដាវមុខពីរ ដែលលាក់បាំងហានិភ័យសុខភាព ប្រសិនបើយើងមិនប្រុងប្រយ័ត្ន? ចូរយើងមកឈ្វេងយល់ផលប៉ះពាល់ចំពោះសុខភាព៖
១. គ្រោះថ្នាក់នៃជាតិប្រៃខ្ពស់កប់ពពក យាយីដល់បេះដូង និងតម្រងនោម
ដែលនេះជាចំណុចគួរបារម្ភបំផុត! ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ដែលជាកត្តាចម្បងដែលបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោមរ៉ាំរ៉ៃ។ក្នុងនោះធ្វើឲ្យហើមខ្លួនដោយរាងកាយអាចរក្សាទុកជាតិទឹកច្រើនពេក ធ្វើឲ្យហើមដៃ ជើង ឬមុខ។ លើសពីនេះវាជាបន្ទុកធ្ងន់លើតម្រងនោមដែលត្រូវប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីច្រោះជាតិអំបិលលើសពីក្នុងខ្លួន ដែលធ្វើឲ្យវាចុះខ្សោយទៅថ្ងៃមុខ។
២. មេរោគ និងប៉ារ៉ាស៊ីតបណ្តាលឲ្យពុលអាហារដែលអ្នកនឹកស្មានមិនដល់។
ផ្អកគឺជាអាហារឆៅ ឬកែច្នៃតិចតួច។ ប្រសិនបើដំណើរការផលិត ឬរក្សាទុកមិនបានត្រឹមត្រូវតាមស្ដង់ដារអនាម័យ នោះវាអាចក្លាយជាកន្លែងបង្កាត់ពូជមេរោគ និងប៉ារ៉ាស៊ីតដ៏ល្អ៖ បាក់តេរីបង្កជំងឺដូចជា Salmonella, Listeria, ឬ E. coli ដែលអាចបណ្ដាលឲ្យពុលអាហារ ក្អួត រាគរូសធ្ងន់ធ្ងរ។ ប៉ារ៉ាស៊ីត៖ ត្រី ឬសាច់ដែលប្រើធ្វើផ្អកអាចមានផ្ទុកប៉ារ៉ាស៊ីតដូចជាព្រូន ឬ ព្រូនថ្លើម (Liver Flukes)ដែលមិនងាប់ដោយសារការផ្អាប់ ហើយអាចចម្លងមកមនុស្ស បង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ឬសរីរាង្គខាងក្នុង។
៣. សមាសធាតុបង្កមហារីក៖ ក្នុងករណីខ្លះ ជាពិសេសផលិតផលផ្អកដែលមិនមានស្តង់ដាត្រឹមត្រូវ ឬប្រើសារធាតុបន្ថែមមួយចំនួន ការកកើតនៃសមាសធាតុ Nitrosamines អាចកើតឡើងក្នុងអំឡុងពេលផ្អាប់។ សមាសធាតុទាំងនេះត្រូវបានគេដឹងថាជាសារធាតុបង្កមហារីក ជាពិសេស មហារីកក្រពះ និងមហារីកបំពង់ក។ ហានិភ័យនេះកាន់តែខ្ពស់ចំពោះផ្អកដែលគ្មានប្រភពច្បាស់លាស់។
៤. គ្រោះថ្នាក់សម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺសម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺថ្លើម ឬអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕