មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាថ្ងៃទី១១ ខែកក្កដានេះថា មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាត នៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត (ម្ដុំទ្វារលាមក) ក៏ប៉ុន្តែមានជំងឺផ្សេងៗជាច្រើននៅតំបន់នេះ។
ក) បូសអន្ទង់ជាអ្វី?
វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។
ខ) រោគសញ្ញាបូសអន្ទង់៖
– មានដុំពកហើម និងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
– ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
– មានហូរខ្ទុះនៅបាត
– មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
– រមាស់នៅបាត
គ) មូលហេតុ៖
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។
ឃ) ផលវិបាកនៃបូសអន្ទង់៖
– គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖
ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
– លាប់សារចុះសារឡើង ប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។
– ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ។
ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមជំនាញ ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕