មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលនាថ្ងៃទី៩ ខែកក្កដានេះថា ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។
ក. មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ ៖ ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារៈ
-ការរលាកថ្លើម ឫក្រិនថ្លើម
-គ្រួសក្នុងថង់ទឹកប្រម៉ាត់
-ការរលាកលំពែងរ៉ាំរ៉ៃ
-ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ
-មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)
ចំពោះទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម។
ខ.រោគសញ្ញារួមមាន ៖ ការឡើងលឿងតាមស្បែក និងភ្នែក, រមាស់លើស្បែក, លាមកពណ៌ស ,ទឹកនោមលឿងចាស់, រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជាៈ
– ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ
– ស្ទាបប៉ះដុំពោះ
– ថ្លើមរីក
– ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។
គ. ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។
ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។
ឃ. ការព្យាបាល៖
ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្ករជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។
ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។
ដូច្នេះបើលោកអ្នកមានលេចចេញនូវរោគសញ្ញាកើតលឿងដូចបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័សទាន់ពេលវេលា រួមជាមួយវិធីសាស្ត្រនៃការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។”