ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំឲ្យមានឈាមកកនៅក្នុងខួរក្បាល។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើឲ្យ ៖
- អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
- អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើឲ្យមានការកើនឡើងនៃសម្ពាធក្នុងក្បាល។
២) រោគសញ្ញា៖
- ឈឺក្បាលខ្លាំងភ្លាមៗ
- មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
- វង្វេងស្មារតី ឬសន្លប់
៣) មូលហេតុ៖
យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖
- ជំងឺទឹកនោមផ្អែម
- ការពិសារស្រា និងបារីច្រើន
៤) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីបញ្ជាក់ឲ្យដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលឲ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
៥) ការព្យាបាល៖
ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖
- គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
- ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
- ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។
ខ) ការព្យាបាលដោយការវះកាត់៖
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។
យើងធ្វើការវះកាត់នៅពេលដែល៖ - ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគុប)
- អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
- ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង៕