មន្ទីរពេទ្យបង្អែកស្អាងបានប្រកាសកាលពីពេលថ្មីៗនេះថា ចំណុចមួយចំនួនដែលប៉ាម៉ាក់គួរតាមដាន និងធ្វើ ពេលកូនជួបបញ្ហាប៉ះទង្គិចក្បាល : ក្រោយពីកើតឧប្បត្តិហេតុ លោកឪពុក អ្នកម្តាយ ចូរសង្កេតមើលអាការរបស់កូនថា ក្នុងអំឡុងពេល១២ ទៅ៤៨ម៉ោងទៅមុខទៀត តើកូននៅតែប្រក្រតី ល្អដូចធម្មតាដែរ ឬទេ? បើនៅតែលេងសើចសប្បាយ ញ៉ាំអាហារបានល្អធម្មតា លេងរពឹសបានដដែលនោះបង្ហាញថា កូនមិនមានកើតអីធ្ងន់ធ្ងរទេ ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា តែបើកូនមានអាការដូចខាងក្រោមនេះ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់៖
១-កូនមានអាការស្ងៀមស្ងាត់យ៉ាងខ្លាំង…ជាប្រក្រតីក្មេងនឹងអស់កម្លាំងល្វើយ និងគេងលក់បានយូរក្រោយពីកើតឧប្បត្តិហេតុហើយ តែក៏គួរតែភ្ញាក់ នៅពេលអ្នកម្តាយដាស់ដូចពេលវេលាធម្មតា
២-ក្អួតខ្លាំង ក្អួតចេញមកដូចគេព្រួសទឹក
៣-កូនថ្ងូរថា ឈឺក្បាលខ្លាំង និងកាន់តែឈឺឡើង ឬអាការឈឺនោះមិនធូរស្រាលសោះ ទោះជាឱ្យញ៉ាំថ្នាំបំបាត់ការឈឺចាប់ហើយក៏ដោយ
៤-កូនប្រាប់ថា មើលឃើញរូបភាពបែកជា២ ឬយើងមើលឃើញប្រស្រីភ្នែករបស់កូនកម្រើកមិនស៊ីចង្វាក់គ្នា
៥-រន្ធប្រស្រីភ្នែក តបស្នងមិនប្រក្រតីជាមួយកាយវិការ
៦-កូនមានអាការប្រកាច់ ។
៧-កូនប្រើដៃ-ជើងទាំងសងខាងមិនស្មើគ្នា ដើរទ្រេតទ្រោត ពិបាកទប់ខ្លួន
៨-និយាយស្តីស្តាប់មិនយល់ មើលទៅរាងវិលវល់ ។
អាការទាំងនេះ ឬអាការៈណាមួយ គឺជាអាការដែលប្រាប់ឱ្យដឹងថា អាចមានអ្វីម្យ៉ាងខុសប្រក្រតីជាមួយខួរក្បាល និងសរសៃឈាមដែលហូរដែលទៅចិញ្ចឹមខួរក្បាលរបស់កូនហើយ ត្រូវនាំទៅមន្ទីរពេទ្យជាបន្ទាន់ ។
តែបើក្បាលរបស់កូនប៉ះមិនធ្ងន់ធ្ងរ មានត្រឹមតែស្នាមរបួសតូចមួយ ស្នាមក្រហមៗជាំៗ ឬមានដុំពកឡើងឱ្យឃើញនោះ និងពេលវេលាកន្លងផុតទៅកន្លះថ្ងៃ កូននៅតែមើលទៅប្រក្រតីធម្មតា មិនបាត់មាត់ បាត់ក មិនស្រងូតស្រងាត់ និយាយស្តីស្តាប់គ្នាបាន និងលើកដៃលើកជើងបានដូចធម្មតានោះ លោកឪពុកអ្នកម្តាយសប្បាយចិត្តចុះថា កូនមិនកើតអីធ្ងន់ធ្ងរទេ មានតែស្នាមរបួសផ្នែកខាងក្រៅ ដែលត្រូវមើលថែទាំប៉ុណ្ណោះ ។
បើឃើញថា ក្បាលកូនឡើងពកហើម ដោយសារតែនៅលើក្បាល មានសរសៃឈាមមកប្រមូលផ្ដុំរួមគ្នាច្រើន ទើបធ្វើឱ្យងាយហើម ។ ចូរស្អំដោយទឹកកកនៅត្រង់កន្លែងហើមប្រមាណជា២០នាទី ។ ភាពត្រជាក់នឹងជួយឱ្យសរសៃឈាមបង្រួញខ្លួន កាត់បន្ថយអាការឈឺចាប់ និងហើមបាន ។
ហើយតទៅមុខទៀត អាណាព្យាបាលត្រូវតែប្រយ័ត្នប្រយែងឱ្យកាន់តែខ្លាំងឡើងហើយ ព្រោះបើសិនក្បាលកូន ប៉ះនឹងវត្ថុរឹងញឹកញាប់ វាមិនមែនជារឿងល្អឡើយ ៕