ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា ។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថា រដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ ។ នេះបើយោងតាមមន្ទីរពេទ្យបង្អែកស្អាង បានផ្សាយនាពេលថ្មីៗនេះ ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា ក) រោគសញ្ញា ៖ – ក្តៅខ្លួនខ្លាំង – ឈឺក្បាល – ឈឺសន្លាក់ដៃជើង និងសាច់ដុំ – ស្នាមអុចក្រហមលើស្បែក – អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ
ខ) ការវិវត្តន៍នៃជំងឺ និងផលវិបាក ៖ ១) ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖ – ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale) – ហូរឈាមតាមច្រមុះ – ស្នាមជាំនៅលើស្បែក ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ ២) ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
គ) ការកំណត់រោគវិនិច្ឆ័យ៖ – ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុងឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះនៅក្នុងឈាមអ្នកជំងឺ។ – ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ អោយបានឆាប់រហ័សដើម្បីទទួលបាននូវការព្យាបាលដែលសមស្របមួយ។
ឃ) ការព្យាបាល៖ មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលអោយមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។
ង) វិធីបង្ការ ៖ យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ – លុបបំបាត់ជម្រកមូស – ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់): គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់) ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង) ចៀសវាងនៅក្នុងទីងងឺត ប្រើផលិតផលការពារមូស (លាបលើស្បែក) ៕