ក) ការយល់ដឹងទូទៅ៖
ប្រភេទជំងឺដុំមហារីកសាច់ថ្លើម (HCC) គឺជាប្រភេទជំងឺថ្លើមនៅតែមានភាពកាចសាហាវ ហើយក៏មានភាពលំបាកនៅក្នុងការថែទាំព្យាបាលចំពោះអ្នកជំងឺ និងបានកំពុងតែសម្លាប់ជីវិតមនុស្សជាច្រើនលើពិភពលោកក្នុងមួយឆ្នាំៗ។
ខ)មូលហេតុ៖
ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (៨០-៩០%)។
មូលហេតុខ្លះៗបន្ថែមទៀតមាន៖
- សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចម្អិនមិនឆ្អិនល្អ។
- ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឱ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ៖ ដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )។
គ) រោគសញ្ញា៖
រោគសញ្ញាដែលអាចឱ្យយើងដឹងអំពីជំងឺមួយនេះគឺមានដូចជា
- មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ
- ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត)
- អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺគ្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះ ហើមជើង…)
- មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ (Medical checkup)…។
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
- ការសាកសួរអំពីប្រវត្តិរបស់ជំងឺ
- ការពិនិត្យរបស់វេជ្ជបណ្ឌិត (Physical examination)
- ការធ្វើអេកូពោះរកមើលដុំសាច់ថ្លើម
- ការពិនិត្យឈាមមើលជាតិ AFP ដែលជា Tumors marker
- ការចាក់យកសាច់ថ្លើមទៅវិភាគ (Hepatic biopsy)
- ការធ្វើស្កាន់នែពោះដោយចាក់ថ្នាំ (Injection abdominal CT scan) ។
ង)ការព្យាបាល៖
វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល ការដុតកម្ទេចដោយកម្ដៅ Radio frequency និង សារជាតិគីមី (Chemo embolisation) ដើម្បីកម្ទេចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឱ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ចំណាំ៖ ការព្យាបាលដែលល្អបំផុតសម្រាប់អ្នកជំងឺគឺចំពោះដុំដែលមានទំហំទៅជាងពីរសង់ទីម៉ែត្រ (ប្រសិនបើយើងអាចរុករកបានទាន់ពេលវេលា) ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត