ជំងឺរលាកថ្លើម គឺជាការរលាកនៅនឹងកោសិកាថ្លើម ភាគច្រើនវាកើតឡើងដោយសារការឆ្លងមេរោគដែលបង្កដោយវីរុសមាន៥ ប្រភេទ គឺជំងឺរលាកថ្លើមប្រភេទ A, B, C, D និង E ។
ខាងក្រោមនេះគឺជាមូលហេតុសាមញ្ញមួយចំនួនដែលបង្កឲ្យអ្នកកើតជំងឺរលាកថ្លើម ៖
១-ការចាក់សាក់ និងចោះ
ការចាក់សាក់ ឬចោះផ្នែកណាមួយនៃរាងកាយនៅកន្លែងដែលមិនប្រើប្រាស់ម្ជុលថ្មី រឺបានសម្លាប់មេរោគ វានឹងធ្វើឲ្យអ្នកប្រឈមមុខកាន់តែខ្ពស់ទៅនឹងការកើតជំងឺរលាកថ្លើម ។
២-ការប្រើប្រាស់ឱសថ
ឱសថដែលអាចបំផ្លាញកោសិកាថ្លើម នៅពេលទទួលទានក្នុងកម្រិតខ្ពស់ និងជាញឹកញាប់អាចបង្កឲ្យមានការរលាកនៅនឹងថ្លើម ។ លើសពីនេះ ការប្រើប្រាស់ឱសថប្រភេទនេះរួមជាមួយភេសជ្ជៈមានជាតិអាល់កុលនឹងធ្វើឲ្យឥទ្ធិពលនៃការបំផ្លាញថ្លើមនេះកាន់តែធ្ងន់ ។
៣-ដៃមិនស្អាត
អ្នកអាចឆ្លងជំងឺរលាកថ្លើមប្រភេទ A ពីអ្នកដែលកើតជំងឺនេះដែលមិនបានលាងដៃក្រោយពេលចេញពីបន្ទប់ទឹក ។ ការមិនលាងដៃក្រោយពេលចេញពីបន្ទប់ទឹក រឺក្រោយពេលផ្លាស់ប្តូរខោទឹកនោមរបស់ទារកអាចបង្កើនការប្រឈមនឹងការកើតជំងឺរលាកថ្លើម។
៤-ទឹក និងចំណីអាហារឆ្លងមេរោគ
ការទទួលទានទឹកដែលឆ្លងមេរោគដោយសារលាមក ឬចំណីអាហារដែលចម្អិនជាមួយទឹកដែលមានមេរោគគឺជា ឬសគល់ដ៏ទូទៅមួយនៃការចម្លងជំងឺរលាកថ្លើមប្រភេទ A ។
៥-ការរួមភេទ
ការរួមភេទជាមួយអ្នកដែលមានជំងឺរលាកថ្លើមគឺជាវិធីទូទៅ១ នៃការចម្លងមេរោគជំងឺរលាកថ្លើមប្រភេទ B ។ ការរួមភេទតាមទ្វារធំ រឺតាមមាត់ក៏បង្កើនហានិភ័យនៃការឆ្លងជំងឺរលាកថ្លើមប្រភេទ A ផងដែរ ។ បុរសដែលរួមភេទជាមួយបុរសដូចគ្នាប្រឈមមុខខ្ពស់ទៅនឹងការឆ្លងជំងឺរលាកថ្លើម ៕