ជំងឺគាំងបេះដូងកើតឡើងនៅពេលសរសៃឈាមមួយ ឬច្រើនដែលមាននាទីចិញ្ចឹមសាច់ដុំបេះដូង (Coronary Arteries ) ត្រូវបានស្ទះ។ រយៈពេលយូរៗទៅ សរសៃឈាមនេះអាចទៅជាក្រិនដោយសារតែការកក់កុញនៃសារធាតុជាច្រើនដូចជា កូឡេស្តេរ៉ុល និងសារធាតុផ្សេងទៀត។ ការកក់កុញ ឬកំណកក្នុងសរសៃឈាមនេះហៅថាជំងឺក្រិនសរសៃឈាម។ នៅពេលសរសៃឈាមបេះដូងរួមតូចដោយសារតែជំងឺនេះ បង្កបានទៅជាជំងឺមួយទៀតឈ្មោះថា Coronary Artery Disease ដែលវាជាមូលហេតុរបស់ជំងឺគាំងបេះដូងភាគច្រើន។
ក្នុងពេលគាំងបេះដូង ដុំកំណកក្នុងសរសៃឈាមបេះដូងអាចនឹងរបកចេញ ទៅក្នុងចរន្តឈាម បន្ទាប់មកកន្លែងដែលរបើកកំណកឈាមនោះ នឹងមានដំណើរការកំណកឈាមកើតឡើងដើម្បីជួសជុលសរសៃឈាមដែលខូចខាត។ បើសិនជាកំណកឈាមនោះធំគ្រប់គ្រាន់ហើយ វាអាចនឹងត្រូវបានស្ទះលំហូរឈាមទៅចិញ្ចឹមសាច់ដុំបេះដូងតែម្តង។
មូលហេតុផ្សេងមួយទៀរបស់ជំងឺគាំងបេះដូង គឺដោយសារតែការរឹងជាប់នេះសរសៃឈាមបេះដូង ធ្វើអោយបិទជិតដល់លំហូរឈាមទៅចិញ្ចឹមសាច់ដុំបេះដូង។ ថ្នាំមួយចំនួនដូចជា កូកាអ៊ីនអាចបណ្តាលអោយមានការរឹងសរសៃឈាមជាប់ដែលគំរាមគំហែងដល់ជីវិតបាន។ ជំងឺគាំងបេះដូងក៏អាចកើតឡើងដោយសារតែការរហែកសរសៃឈាមបេះដូងផងដែរ។ មូលហេតុដែលពុំសូវកើតមានផ្សេងៗទៀតមានដូចជា កំណកគ្រាប់ឈាមតូចៗ ឬដុំសាច់ដែលរសាត់អណ្តែតពីកន្លែងណាមួយនៃរាងកាយ (Coronary Embolism)។ ជំងឺនេះក៏អាចកើតឡើងបានដែរបើសិនជាលំហូរឈាមទៅក្នុងបេះដូងថយចុះធ្ងន់ធ្ងរ (ជំងឺសម្ពាធឈាមថយចុះ ឬហ្យុក)។
ជាមួយគ្នានេះដែរ មានកត្តាជាច្រើនទៀតដែលធ្វើអោយមានកំណកជាតិខ្លាញ់ក្នុងសរសៃឈាម ទៅជាសរសៃឈាមរួមតូច ជាពិសេសសរសៃឈាមបេះដូងតែម្តង ។ អ្នកអាចពង្រឹង ឬលុបបំបាត់កត្តាអស់ទាំងនេះបានដើម្បីកុំអោយមានឱកាសដើមជំងឺគាំងបេះដូងជាលើកទីមួយបាន។ ខាងក្រោមនេះគឺជាកត្តាប្រឈមមុខមួយចំនួនរបស់ជំងឺគាំងបេះដូង៖
• អាយុ៖ បុរសអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងស្ត្រីអាយុចាប់ពី ៥៥ឆ្នាំឡើងទៅទំនងជាអាចកើតជំងឺគាំងបេះដូងច្រើនជាងមនុស្សវ័យក្មេងជាងនេះ។
• ការជក់បារី៖ ការជក់បារី និងការស្រូបផ្សែងបារីពីគេរយៈពេលយូរក៏អាចបណ្តាលអោយខូចខាតដល់ជញ្ជាំងសរសៃឈាមខាងក្នុង ជាពិសេសសរសៃឈាមបេះដូងតែម្តង ដែលជាហេតុនាំអោយកកជាតិកូឡេស្ទេរ៉ុង និងសរសៃផ្សេងៗទៀត ព្រមទាំងលំហូរឈាមថយចុះ។ ការជក់បារីក៏បង្កើនការប្រឈមនឹងការកើតមានកំណកឈាម ព្រមទាំងជំងឺគាំងបេះដូងដែឬ។
• សម្ពាធឈាមឡើងខ្ពស់៖ រយៈពេលយូរៗទៅ ការឡើងសម្ពាធឈាមខ្ពស់អាចបណ្តាលអោយខូចសរសៃឈាមដែលទៅចិញ្ចឹមសាច់បេះដូងបាន។ បញ្ហានេះច្រើនកើតមានលើមនុស្សធាត់ជ្រុល, ជក់បារី, កូឡេស្តេរ៉ុលឡើងខ្ពស់ ឬជំងឺទឹកនោមផ្អែម។
• កូឡេស្តេរ៉ុល ឬជាតិខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់៖ កូឡេស្តេរ៉ុលគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការធ្វើអោយសរសៃឈាមរួមតូចជាពិសេសសរសៃឈាមបេះដូង។ ការឡើងខ្ពស់នៃកម្រិតជាតិខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមមានការប្រឈមកាន់តែខ្លាំងនឹងជំងឺគាំងបេះដូង។ កូឡេស្តេរ៉ុល LDL (កូឡេស្តេរ៉ុលអាក្រក់) ច្រើនតែធ្វើអោយសរសៃឈាមរួមតូច។ ខ្លាញ់ Triglycerides ដែលជាប្រភេទខ្លាញ់ទាក់ទងនឹងរបបអាហារ កាលណាវាឡើងខ្ពស់ក៏ប្រឈមនឹងជំងឺគាំងបេះដូងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល HDL (កូឡេស្តេរ៉ុលល្អ) អាចជួយអោយរាងកាយបោសសម្អាតជាតិខ្លាញ់ច្រើនចោលបាន ព្រមទាំងកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូងផងដែឬ។
• ជំងឺទឹកនោមផ្អែម៖ ជំងឺប្រភេទនេះគឺជាការអសមត្ថភាពដល់ការផលិតអាំងស៊ុយលីន ឬអាំងស៊ុយលីនធ្វើការមិនបានល្អ។ អាំងស៊ុយលីន ជាអ័រម៉ូនមួយប្រភេទដែលផលិតចេញពីលំពែង សម្រាប់ភ្ញោចអោយរាងកាយចាប់យកជាតិស្ករដែលបានមកពីចំណីអាហារទៅប្រើប្រាស់។ ជំងឺទឹកនោមផ្អែម ជាពិសេសជំងឺដែលមិនបានគ្រប់គ្រង ធ្វើអោយប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង។
• គ្រួសារមានប្រវត្តកើតជំងឺគាំងបេះដូង៖ បើសិនជាបងប្អូន, ឪពុកម្តាយ ឬជីដូនជីតាធ្លាប់មានជំងឺគាំងបេះដូង អ្នកប្រហែលជាត្រូវប្រឈមមុខខ្ពស់ហើយ។
• កង្វះការហាត់ប្រាណ៖ ជីវិតរស់នៅដែលមិនចេះប្រើពលកម្មសុទ្ធតែនាំអោយជាតិកូឡេស្ទើរ៉ុលក្នុងឈាមឡើងខ្ពស់ និងមានជំងឺធាត់ជ្រុល។ អ្នកដែលហាត់ប្រាណបែបអ៊ែរ៉ូបិចជាទៀងទាត់ នឹងទទួលបានប្រព័ន្ធសរសៃឈាមបេះដូងដ៏មានសុខភាពល្អ ព្រមទាំងកាត់បន្ថយបានរាល់ការប្រឈមមុខទាំងអស់របស់ជំងឺគាំងបេះដូងទៀត។ ការហាត់ប្រាណក៏មានប្រយោជន៍ក្នុងការកាត់បន្ថយជំងឺសម្ពាធឈាមឡើងខ្ពស់ផងដែរ។
• ធាត់ជ្រុល៖ ភាពធាត់ជ្រុលអាចប្រឈមនឹងជំងឺបេះដូងព្រោះតែវាមានជាប់ទាក់ទងនឹងកម្រិតជាតិកូឡេស្តេរ៉ុលឡើងខ្ពស់ក្នុងឈាម, សម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រកទម្ងន់បាន ១០ភាគរយអាចកាត់បន្ថយការប្រឈមមុខបាន។
• ស្ត្រេស៖ អ្នកប្រហែលជាមានបញ្ហាស្ត្រេសតាមរូបភាពជាច្រើន ដែលអាចប្រឈមមុខកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង។
• ប្រើថ្នាំញៀន៖ ការប្រើថ្នាំញៀនដូចជា កូកាអ៊ីន ឬអំហ្វេតាមីន សុទ្ធតែអាចធ្វើអោយសរសៃឈាមបេះដូងរឹង និងបង្កជាជំងឺគាំងបេះដូងបាន។
• មានប្រវត្តិត្រៀមក្រឡាភ្លើង៖ អាការៈមួយនេះធ្វើអោយសម្ពាធឈាមឡើងខ្ពស់ក្នុងពេលមានផ្ទៃពោះ និងប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង៕