ជំងឺរលាកថ្លើមប្រភេទ B គឺជាការបង្ករោគធ្ងន់ធ្ងរនៅក្នុងថ្លើម ដែលបណ្តាលមកពីមេរោគរលាកថ្លើមប្រភេទ B (Hepatitis B Virus) ។ សម្រាប់មនុស្សមួយចំនួន ជំងឺនេះ ហាក់នឹងវិវត្តទៅរក សភាពរុំាំរ៉ៃ ដែលអាចនឹងឈានទៅដល់ ការចុះខ្សោយនៃមុខងាររបស់ថ្លើម, ជំងឺមហារីកថ្លើម ឬ ក្រិនថ្លើម ជាស្ថានភាពមួយ ដែលនឹងធ្វើអោយមានសម្លាកជាអាចិន្ត្រៃយ៍នៅលើសាច់ថ្លើម ។
មនុស្សជាច្រើន ដែលបានឆ្លងនឹងមេរោគរលាកថ្លើមប្រភេទ Bនេះ គឺអាចនឹងជាសះស្បើយវិញបានទាំងស្រុង បើទោះជាពួកគេមានសញ្ញា និងរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ។ ចំពោះទារកនិង កុមារតូចៗ គឺហាក់នឹងងាយ វិវត្តទៅជាការបង្ករោគនៃជំងឺរលាកថ្លើមរុំារ៉ៃ។ បើទោះជាការព្យាបាលនៃជំងឺថ្លើមនេះ នៅមិនទាន់មានប្រសិទ្ធិភាពបានទាំងស្រុងក៏ដោយ តែការចាក់ថ្នាំបង្ការ គឺពិតជាអាចការពារអ្នក ពីជំងឺនេះបាន។ ប្រសិនបើអ្នកបានឆ្លងវារួចទៅហើយ នោះការបង្ការខ្លួនមិនអោយចម្លងមេរោគនេះ ទៅកាន់អ្នកដទៃ គឺជាប្រការដ៏សំខាន់ដែលអ្នកគួរធ្វើ។
ជាធម្មតា សញ្ញា និង រោគសញ្ញារបស់ជំងឺរលាកថ្លើមប្រភេទ B តែងលេចមានឡើងក្នុងរយៈពេល ប្រហែលជា ៣ខែ បន្ទាប់ពីអ្នកបានឆ្លងនូវមេរោគនេះ ហើយវាអាចមានសភាពពីកម្រិតស្រាល ទៅ រកសភាពធ្ងន់ធ្ងរ។
សញ្ញា និងរោគសញ្ញារបស់ជំងឺនេះ រួមមានដូចជា៖
• ឈឺពោះ
• ទឹកនោមពណ៌លឿងឌិត
• មានគ្រុនក្តៅ
• ឈឺសន្លាក់
• មិនសូវឃ្លានបាយ
• ចង្អោរ ឬ ក្អួត
• ចុះខ្សោយ និង អស់កម្លាំង
• ស្បែក និង សាច់គ្រាប់ភ្នែកប្រែជាពណ៌លឿង
ក្មេងតូចៗ និង កុមារភាគច្រើន ដែលកើតមានជំងឺរលាកថ្លើមប្រភេទ B នេះ នឹងមិនដែលវិវត្តមាននូវ សញ្ញា និង រោគសញ្ញាទាំងនេះទេ។ ហើយមនុស្សវ័យជំទង់ខ្លះ ក៏អាចមានសភាព ដូចគ្នានេះផងដែរ។
តើនៅពេលណាដែលអ្នកគួរទៅជួបគ្រូពេទ្យ?
អ្នកត្រូវទៅអោយអ្នកផ្តល់សេវាថែទាំសុខភាព ឬ វេជ្ជបណ្ឌិតធ្វើការពិនិត្យអោយបានត្រឹមត្រូវ ប្រសិនបើ រោគសញ្ញាទាំងនេះ ធ្វើអោយអ្នកមានការព្រួយបារម្ភ ៕