សុខភាពបេះដូងរបស់យើងអាចចុះខ្សោយ ឬខូចដោយសារទម្លាប់ប្រចាំថ្ងៃមួយចំនួន ហើយអាចបង្កហានិភ័យសុខភាពធ្ងន់ធ្ងរ។ ដូចនេះ យើងគួរបញ្ឈប់ទម្លាប់មិនល្អទាំងឡាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យសុខភាពបេះដូងរបស់យើងរឹងមាំ ក៏ដូចជាជៀសផុតពីជំងឺបេះដូងនៅពេលក្រោយ។
១. ជក់បារី
ទោះបីជាយើងជក់បារីម្ដងម្កាល វាក៏អាចប៉ះពាល់ដល់សរីរាង្គស្ទើរតែទាំងអស់នៅក្នុងរាងកាយ រួមទាំងបេះដូងផងដែរ។ ជាក់ស្ដែង សារធាតុគីមីនៅក្នុងបារីធ្វើឲ្យខូចមុខងារបេះដូង ដោយបង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម ដែលជារឿយៗនឹងបង្កជាអាការៈគាំងបេះដូងថែមទៀតផង។ ហេតុនេះហើយ ដើម្បីសុខភាពបេះដូង យើងគួរបញ្ឈប់ការជក់បារីជាបន្ទាន់។
២. បណ្តាលខ្លួនឱ្យធាត់ជ្រុល
ធាត់ជ្រុលមានពាក់ព័ន្ធនឹងកត្តាជាច្រើន ដែលបង្កើនហានិភ័យនៃជំងឺបេះដូង រួមទាំងសម្ពាធឈាមខ្ពស់។ ដើម្បីរក្សាទម្ងន់ខ្លួនឲ្យសមស្រប គ្នាយើងគប្បីបញ្ចូលបន្លែ និងផ្លែឈើទៅក្នុងរបបអាហារប្រចាំថ្ងៃ ទើបជាការប្រសើរ។
៣. ញ៉ាំសាច់ជាក់លាក់លើសកម្រិត
ការញ៉ាំសាច់ក្រហម និងសាច់កែច្នៃច្រើនជ្រុលអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ យោងតាមការសិក្សាបានបង្ហាញថា ប្រសិនបើយើងញ៉ាំសាច់ទាំងនេះកាន់តែច្រើន ឱកាសកើតជំងឺបេះដូងកាន់តែច្រើនដូចគ្នា។
៤. ញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ចំណែកឯភេសជ្ជៈទាំងនេះក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូងដូចគ្នា។ សម្រាប់អ្នកដែលផឹកភេសជ្ជៈប្រភេទនេះជាទៀងទាត់ អាចប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាម ឬគាំងបេះដូង។
៥. ញុំាគ្រឿងស្រវឹងច្រើនជ្រុល
ខណៈពេលដែលការញ៉ាំស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃ មានអត្ថប្រយោជន៍ដល់សុខភាព ការញ៉ាំជាតិអាល់កុលច្រើនជ្រុលអាចបង្កជាបញ្ហាសរសៃឈាមបេះដូង។ នៅពេលដែលយើងញ៉ាំគ្រឿងស្រវឹងច្រើនជាង៣កែវក្នុងមួយថ្ងៃ វាអាចជះឥទ្ធិពលមិនល្អដល់បេះដូង ដែលបណ្ដាលឲ្យសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ក្នុងរាងកាយឡើងខ្ពស់។
៦. អង្គុយយូរម៉ោង
ទន្ទឹមនឹងនេះដែរ ការអង្គុយយូរម៉ោងជាប្រចាំក៏អាចបង្កើនហានិភ័យនៃអាការៈគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល ទោះបីជាយើងហាត់ប្រាណជាទៀងទាត់ក៏ដោយ។ អ្នកជំនាញយល់ថា អសកម្មភាពអាចប៉ះពាល់ដល់កម្រិតជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម ដូច្នេះហើយ គ្នាយើងគប្បីកាត់បន្ថយហានិភ័យនេះ ដោយធ្វើចលនាឲ្យបានច្រើន ដើរជុំវិញការិយាល័យ ឬក្រោកឈរជាញឹកញាប់។
យើងអាចថែរក្សាសុខភាពបេះដូងតាមរយៈកែប្រែទម្លាប់ដូចបានរៀបរាប់ខាងលើ ហាត់ប្រាណជាប្រចាំ ញុំាអាហារល្អចំពោះសុខភាព គេងឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស ៕