ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​បារម្ភ​ចំពោះ​សុខភាព​សន្លាក់​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​អ្នក​គួរ​កែប្រែ​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​សន្លាក់ ៖

១. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ
ការ​អង្គុយ ឬ​គេង​យូរ​ៗ​មិន​ធ្វើ​អ្វី​សោះ គឺ​មិនល្អ​ឡើយ​ចំពោះ​សន្លាក់​។ នេះ​ក៏​ព្រោះតែ​លំហូរ​ឈាម​ទៅ​កាន់​សន្លាក់​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​អ្នក​មិន​ធ្វើ​សកម្មភាព​រាង​កាយ​អ្វី​សោះ​។ ខណៈ​នេះ​សន្លាក់​នឹង​ត្រូវ​ខ្វះ​ការ​ផ្គត់ផ្គង់​នូវ​អុក​ស៊ី​សែន ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​សុខភាព​ល្អ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ឬ​រាង​កាយ​មាន​ភាព​សកម្ម​ពិតជា​អាច​ជួយ​ទប់ស្កាត់​បញ្ហា​សន្លាក់​បាន​យ៉ាង​ប្រសើរ​។
២. ចៀសវាង​អាហារ​មួយ​ចំនួន​ដែល​បង្ក​ការ​រលាក
រួម​មាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ អាហារ​ចៀន​បំពង សាច់​ក្រហម និង​សាច់​កែ​ច្នៃ​ជាដើម​ដែល​សុទ្ធតែ​ងាយ​នឹង​បណ្ដាល​ឱ្យ​សន្លាក់​មានការ​ឈឺចាប់​ដោយ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។
៣. ការ​ជក់បារី
បារី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុពុល​ច្រើន​ប្រភេទ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា​គ្រាប់​ឈាម​និង​បំផ្លាញ​ស​សៃ​ឈាម​។ ជា​លទ្ធផល​សន្លាក់​នឹង​មិន​អាច​ទទួល​បានការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​និង​សារធាតុចិញ្ចឹម​ដែល​ដឹកនាំ​ដោយ​ឈាម​គ្រប់គ្រាន់​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ជក់បារី​ក៏​បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​មួយ​ចំនួន​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ផង​ដែរ​។
៤. ស្ត្រេ​ស​សឹង​គ្រប់ពេល
ការ​រលាក​អាច​បណ្ដាល​ឱ្យ​សន្លាក់​ឈឺចាប់​និង​ហើម ហើយ​ស្ត្រេ​ស គឺជា​អ្វីមួយ​ដែល​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ស្វែងរក​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​ភាព​ស្ត្រេ​ស ប្រសិនបើ​ចង់​រក្សា​បាន​នូវ​សុខភាព​សន្លាក់​ល្អ​ប្រសើរ​មិន​ឈឺចាប់​។
៥. ស្ពាយ​កា​តាប ឬ​កាបូប​ធ្ងន់​ៗ​ពេក
ទម្លាប់​ស្ពាយ​កា​តាប ឬ​កាបូប​ធ្ងន់​ៗ​ពេក គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​សន្លាក់​។ សូ​ម្បី​តែ​សន្លាក់​ត្រង់​-​ក​និង​ស្មា ព្រមទាំង​ខ្នង​ក៏​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដែរ​!
៦. រំលង​មិន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​និង​វីតាមីន D
ទាំង​កាល់ស្យូម​និង​វីតាមីន D គឺ​សុទ្ធតែ​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​សន្លាក់​រឹង​មាំ​ប្រសើរ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​និង​វីតាមីន D ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​ចៀស​ផុត​បញ្ហា​សន្លាក់​។
៧. ធាត់​ជ្រុល
ភាពធាត់​ជ្រុល​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​សន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សុខភាព​រាង​កាយ​ទាំងមូល​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​ដោយ​ជ្រើសរើស​របប​អាហារ​មាន​សុខភាព​ល្អ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។
៨. កម្រិត​ការ​ទទួលទាន​អាហារ​ប្រៃ
ការ​ទទួលទាន​អាហារ​ប្រៃ​ច្រើន​មិន​ត្រឹមតែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង​និង​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះ​ឥទ្ធិពល​លើ​សន្លាក់​បង្ក​ការ​ឈឺចាប់​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​សូ​ដ្យូ​ម​ប្រមូលផ្ដុំ​សារធាតុ​រាវ ឬ​ជាតិ​ទឹក​ក្នុង​សន្លាក់​ដែល​នាំ​ឱ្យ​សន្លាក់​ងាយ​នឹង​ហើម ហើយ​ឈឺចាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង