ប្រសិនបើ​អ្នក​កត់សម្គាល់​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​ទឹកនោមផ្អែម អ្នក​មិន​គួរ​មើល​រំលង ឬ​ធ្វេសប្រហែស ដោយ​មិន​បាន​ពិនិត្យ ប្រឹក្សា ឬ​ព្យាបាល​វា​ឡើយ ពីព្រោះ​ជំងឺ​ទឹកនោមផ្អែម អាច​បង្ក​ជា​ជំងឺ ឬ​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។

ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី ២ គេ​មើល​មិនដឹង​នោះ​ទេ ហើយ​មាន​មនុស្ស​ច្រើន​ណាស់ ដែល​ទទួល​រង​ការ​ឈឺចាប់ ក្រោយ​ពេល​ជំងឺ​នេះ វាយលុក​សុខភាព ឲ្យ​ចុះ​ទ្រុត​ទ្រោម បាត់​ទៅ​ហើយ​នោះ​។

អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​យកចិត្តទុកដាក់ និង​តាមដាន​ជំងឺ​នេះ ឲ្យ​បាន​ជាប់លាប់ និង​ដឹ​ត​ដល់ ដើម្បី​ការពារ ផលវិបាក​នានា ចំពោះ​សុខភាព​ទាំងមូល​។
ការ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ នឹង​ធ្វើ​ឲ្យ​អ្នក បាន​រីករាយ​សប្បាយចិត្ត ក្រោយ​ពេល​ដឹង​ថា អ្នក​អាច​គ្រប់គ្រង​វា​បាន ហើយ​អ្នក​ក៏​អាច​ព្យាបាល ផលវិបាក​នានា ទាន់​ពេលវេលា​ផង​ដែរ​។ ក្នុង​ឱកាស ទិវា​សុខភាព​ពិ​ព​ភ​លោក ឆ្នាំ ២០១៦ អ្នកជំនាញ​បាន​ជំរុញ ឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ លើស​ពី ២៥ ឆ្នាំ គួរតែ​ពិនិត្យ​សុខភាព ដើម្បី​ស្វែងរក​ជំងឺ​ទឹកនោមផ្អែម​។

បេះដូង
បេះដូង និង​សរសៃឈាម គឺជា​ជន​រង​គ្រោះ​ទី​មួយ ដោយសារ​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី ២​។ ប្រសិនបើ​អ្នក​ព្រងើយ មិន​ព្រម​ព្យាបាល​ជំងឺ​នេះ​ទេ អ្នកមាន​ឱកាស​ដល់​ទៅ ៧០ ភាគរយ ក្នុង​ការ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

ភ្នែក
ជំងឺ​ទឹកនោមផ្អែម ក៏​វាយលុក​ទៅ​លើ​ភ្នែក​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ ស្រវាំងភ្នែក ដក់​ទឹក​ក្នុង​ភ្នែក ឬ​ខ្វាក់​ភ្នែក​តែ​ម្តង​។

តម្រងនោម
ត្រូវ​មើលថែ​តម្រងនោម របស់​អ្នក​ឲ្យ​បាន​ល្អ បើ​មិន​អ​ញ្ចឹ​ង​ទេ វា​ច្បាស់​ជា​ខូច លែង​ដំណើរការ ដោយសារ​ជំងឺ​ទឹកនោមផ្អែម ជា​មិន​ខាន​ឡើយ​។ តម្រងនោម មាន​សរសៃឈាម​ជា​ច្រើន ដែល​ជួយ​ក្នុង​ការ​ច្រោះ​ជាតិពុល និង​កាក​សំណល់ ចេញពី​ក្នុង​ឈាម​។ នៅ​ពេល​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម តម្រងនោម ក៏​ងាយ​នឹង​ខូច​ដែរ​។

សរសៃប្រសាទ
ការ​លើស​ជាតិ​ស្ករ នៅ​ក្នុង​រាង​កាយ អាច​ធ្វើ​ឲ្យ​ខូចខាត ដល់​ជញ្ជាំង​សរសៃឈាម​តូច ដែល​ទៅ​ចិញ្ចឹម​សរសៃប្រសាទ ពិសេស សរសៃប្រសាទ​ជើង​។ ការ​គ្រប់គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ អាច​ធ្វើ​អ្នក​ស្ពឹក​ដៃជើង កម្រើក​មិន​បាន ឬ​ខូចខាត​ទាំងស្រុង (​ពិការ​)​។

ជើង
ជា​ការ​ពិត វា​ជា​សរីរាង្គ ដែល​ឧស្សាហ៍​រង​គ្រោះ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ពិសេស ក្រោយ​ពេល​វា​ត្រូវ​របួស ឬ​ឆ្លង​មេរោគ វា​មិន​ងាយ​ជា​សះស្បើយ​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង