ភ្នែក គឺជាសរីរាង្គដ៏សំខាន់បំផុត ប៉ុន្តែក៏ព្រោះតែការមិនដឹងមនុស្សជាច្រើនបានបំផ្លាញភ្នែករបស់ខ្លួនឯងតាមរយៈសកម្មភាពប្រចាំថ្ងៃមួយចំនួន ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលអាចបណ្ដាលឲ្យភ្នែកទទួលរងផលប៉ះពាល់យ៉ាងមិនគួរឲ្យជឿ ហើយអ្នកត្រូវតែផ្លាស់ប្ដូរ ឬបញ្ឈប់វាភ្លាម ៖
១. ការជក់បារី
ការជក់បារីបង្កើនឱកាសងងឹតភ្នែកទ្វេដង ក្រោយវ័យ៥០ឆ្នាំ ។ ការជក់បារីបណ្ដាលឲ្យខូចរ៉េទីនភ្នែក ហើយនៅពេលរ៉េទីនចាប់ផ្តើមចុះអន់ខ្សោយ ការមើលឃើញរបស់អ្នកក៏អន់ទៅតាមនោះដូចគ្នា ។ ការជក់បារីក៏ជាបុព្វហេតុចម្បងនៃជំងឺភ្នែក macular degeneration , ជំងឺភ្នែកឡើងបាយ និងការខូចខាតសរសៃឈាម។ នៅពេលផ្សែងបារីចូលក្នុងភ្នែក វាក៏អាចបំផ្លាញដល់ការមើលឃើញរបស់អ្នកបានផងដែរ។
២. ការញីភ្នែក
ការញីភ្នែកញឹកញាប់អាចបណ្ដាលឲ្យកែវភ្នែកទទួលរងការខូចខាត ហើយថែមទាំងអាចធ្វើឲ្យសសៃឈាមដែលនៅជុំវិញភ្នែកបែកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍រមាស់ក្នុងភ្នែក ចូរជៀសវាងការញី ហើយជំនួសវិញដោយការប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក។
៣. សម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេក
ការសម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេកនោះ គឺអាចបណ្ដាលឲ្យកើតជំងឺស៊ីវីអេស ឬ computer vision syndrome។ ស្ថានភាពនៃជំងឺនេះ គឺច្រើនតែកើតលើអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ។ ការសម្លឹងមើលកុំព្យូទ័រយូរពេកនឹងធ្វើឲ្យភ្នែកស្ងួត ហើយអស់កម្លាំង។ ដូច្នេះដើម្បីជៀសវាងកើតមានបញ្ហាភ្នែកណាមួយ ឬជំងឺស៊ីវីអេស (CVS) អ្នកគួរសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រខ្លះ ដើម្បីឲ្យភ្នែក ក៏ដូចជាសាច់ដុំជុំវិញភ្នែកបានសម្រាក។
៤. ការទទួលទានគ្រឿងស្រវឹង
ទម្លាប់នៃការទទួលទានគ្រឿងស្រវឹង ក៏អាចបង្កផលប៉ះពាល់ដល់ភ្នែកគួរឲ្យកត់សម្គាល់ផងដែរ។ ការចាប់បានរូបភាព ក៏ដូចជាពណ៌ទទួលរងនូវផលប៉ះពាល់នៅពេលស្រវឹងខ្លាំង ឬបានទទួលទានគ្រឿងស្រវឹងច្រើន។ ជំងឺភ្នែក Macular degeneration ក៏ងាយនឹងលេចឡើង ប្រសិនបើមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ។
៥. របបអាហារមិនត្រឹមត្រូវ
ការមើលឃើញបានច្បាស់ល្អ ក៏កើតចេញពីការទទួលបានសារធាតុចិញ្ចឹមល្អៗគ្រប់គ្រាន់ផងដែរ។ សម្រាប់សុខភាពភ្នែកល្អ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកវីតាមីន E, វីតាមីន C និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ឲ្យបានច្រើនគ្រប់គ្រាន់។ គួរជៀសវាងការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ ខណៈដែលអាចធ្វើរាងកាយខ្សោះជាតិទឹក ហើយទីបំផុតនាំឲ្យភ្នែកស្ងួត។ ការពាររាងកាយពីការខ្សោះជាតិទឹកតាមរយៈការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងទទួលទានបន្លែបៃតងស្រស់។
៦. មិនទៅពិនិត្យភ្នែកឲ្យបានទៀងទាត់
ដើម្បីដឹងពីស្ថានភាពភ្នែកថាយ៉ាងណា ការទៅជួបពិនិត្យជាប្រចាំ គឺជារឿងសំខាន់។ ការពិនិត្យភ្នែកទៀងទាត់ ក៏ជួយបង្ការភ្នែកពីបញ្ហាផ្សេងៗ ហើយដោះស្រាយបញ្ហាបានទាន់ពេលផងដែរ។
៧. តុបតែងមុខខ្លាំងពេក
ការប្រើប្រាស់ផលិតផលតុបតែងមុខច្រើនពេក គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែករបស់អ្នកបាន។ ភ្នែក គឺងាយនឹងទទួលរងគ្រោះខ្លាំងណាស់ ហើយការលាបអ្វីមួយនៅក្បែរភ្នែកបង្កហានិភ័យខ្ពស់ណាស់។ ការប្រើប្រាស់ផលិតផលតុបតែងភ្នែក ដូចជាម៉ាស្ការ៉ាអាចបង្កឲ្យកើតមានរោគឆ្លងក្នុងភ្នែក ដោយការស្ទះក្រពេញប្រេង ឬការរីករាលដាលនៃពពួកបាក់តេរី។
៨. មិនពាក់វ៉ែនតា
វ៉ែនតាជួយការពារភ្នែកពីកាំរស្មីយូវីគ្រោះថ្នាក់ ក៏ដូចជាធូលីដី។ ការសម្លឺងមើល ឬស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ពេលខ្លះអាចបណ្ដាលឲ្យឈឺក្បាល ឬក្រហមភ្នែក។ ដូច្នេះដើម្បីជាការប្រសើរចូលពាក់វ៉ែនតានៅរាល់ពេលចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ។
៩. ប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនពេក
ទឹកថ្នាំបន្តក់ភ្នែកអាចបណ្ដាលឲ្យក្រហាយក្នុងភ្នែក ប្រសិនបើអ្នកប្រើប្រាស់វាច្រើនពេក។ ដូច្នេះការពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក គឺជាការប្រសើរ។ ហើយត្រូវឈប់ប្រើទឺកថ្នាំបន្តក់ភ្នែកភ្លាម ប្រសិនបើវាធ្វើឲ្យក្រហាយ ឬក្រហមក្នុងភ្នែក។
១០. មើលទូរទស្សន៍មុនពេលចូលគេង
ការសម្លឹងមើលពន្លឺចេញពីអេក្រង់ផ្សេងៗនៅពេលគេង គឺមិនល្អសម្រាប់សុខភាពភ្នែកឡើយ។ ដូចនឹងអេក្រង់កុំព្យូទ័រដែរ ការសម្លឹងមើលទូរទស្សន៍យូរ គឺធ្វើឲ្យភ្នែកស្ងួត ប៉ះពាល់ដល់ការមើលឃើញ៕