រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ខណៈដែលសម្តេចត្រៀមចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។» សម្តេចបន្ថែមទៀតថា« មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេស៊ីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើង មិនមានអាការៈចម្លែកក៏ដោយ។»
សម្តេចតេជោបានបញ្ជាក់ថា ជាសំណាងមួយដែលយប់មិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។ដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។
ប្រមុខរដ្ឋាភិបាលកម្ពុជា អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕