ជំងឺ​បេះដូង គឺជា​ជំងឺ​មួយ​ដ៏​គ្រោះថ្នាក់ ដែល​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ​។ យ៉ាងណាមិញ ទោះបីជា​យើង​មិន​អាច​ផ្លាស់​ប្ដូរ​កត្តា​ហានិភ័យ​មួយ​ចំនួន ដូច​ជា​ប្រវត្តិ​គ្រួសារ ភេទ ឬ​អាយុ យ៉ាងណា​ក្ដី ប៉ុន្តែ​យើង​ក៏​អាច​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​មួយ​ចំនួន ដើម្បី​បញ្ចៀស ក៏​ដូច​ជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​តែ​ជំងឺ​បេះដូង​នេះ​បាន​ផង​ដែរ​។

១. ការ​ដើរ
គ្រាន់តែ​ចំណាយពេល​៤០​នាទី និង​អនុវត្តន៍​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ​នេះ ចំនួន​៣​ទៅ​៤​ដង​ក្នុង​មួ​យស​ប្ដា​ហ៍ យើង​ក៏​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម កូ​លេ​ស្តេ​រ៉ូ​ល និង​ទម្ងន់​ខ្លួន​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈប់​សម្រាក​ជា​រៀង​រាល់​១០​នាទី​ម្ដង នឹង​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​ដំណើរការ​កាន់តែ​ប្រសើរ​ឡើង​។

២. គេង​យ៉ាងតិច​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ
រាង​កាយ​របស់​យើង​ត្រូវការ​ការ​សម្រាក​រយៈពេល​វែង​។ អំឡុង​ពេល​នោះ ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​មួយ​រយៈ ដែល​កត្តា​នេះ មាន​សារ​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង​។ ប៉ុន្តែ បើ​យើង​គេង​តិច​ជាង​៧​ម៉ោង រាង​កាយ​យើង​នឹង​ចាប់ផ្ដើម​ផលិត​សារធាតុ​គីមី ក៏​ដូច​ជា​អាច​កើត​មានការ​រលាក និង​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ជះ​ឥទ្ធិពល​មិនល្អ​ដល់​បេះដូង​របស់​យើង​ឡើយ​។

៣. ឈប់​ជក់បារី
យើង​ទាំងអស់​គ្នា សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ជក់បារី​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​យ៉ាងធ្ងន់ធ្ងរ​។ វា​មិន​ត្រឹមតែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​របស់​យើង​ប្រែ​ទៅ​ជា​កក និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃឈាម​ខួរក្បាល​ថែម​ទៀត​ផង​។ ប៉ុន្តែ ប្រសិនបើ​យើង​ឈប់​ជក់បារី ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង​នឹង​ចាប់ផ្ដើម​ធ្លាក់​ចុះ​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយ​ពី​ឈប់​ជក់បារី​។

៤. រួម​ភេទ​ញឹកញាប់
យើង​ប្រហែលជា​នឹក​ស្មាន​មិន​ដល់​ទេ​ថា ការ​រួម​ភេទ​ពីរ​ដង​ក្នុង​មួ​យស​ប្ដា​ហ៍ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​មួយ​កម្រិត​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​រួម​ភេទ​ត្រឹមតែ​មួយ​ដង​ក្នុង​មួយ​ខែ​។ ពិត​ណាស់ ការ​រួម​ភេទ គឺជា​លំ​ហាត់ប្រាណ​មួយ​ប្រភេទ ដែល​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង បន្ថយ​សម្ពាធ​ឈាម កាត់​បន្ថយ​ស្ត្រេ​ស និង​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង​។

៥. ចៀសវាង​អង្គុយ​ស្ងៀម​មួយ​កន្លែង
ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​រយៈពេល​យូរ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ផង​ដែរ​។ វា​អាច​ផ្លាស់​ប្ដូរ​ការ​ផលិត​ជាតិ​ស្ករ និង​ខ្លាញ់​នៅ​ក្នុង​រាង​កាយ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​បេះដូង​។ ចូរ​ព្យាយាម​កុំ​អង្គុយ​ស្ងៀម​មួយ​កន្លែង​យូរ​ពេក ដោយ​ឧស្សាហ៍​ក្រោកឈរ ឬ​ធ្វើ​ចលនា​ចុះឡើង មិន​ថា​នៅ​កន្លែង​ការងារ ឬ​នៅផ្ទះ​ក៏​ដោយ​។

៦. រក្សា​ទម្ងន់​ខ្លួន
ការ​ឡើង​ទម្ងន់ អាច​ធ្វើ​ឲ្យ​កូ​លេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ព្រមទាំង​មានឱកាស​កើត​ជំងឺ​ទឹកនោមផ្អែម​ថែម​ទៀត​ផង ដែល​កត្តា​ទាំងនេះ សុទ្ធតែ​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​។ យើង​មិន​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដើម្បី​សម្រក​រាង​ទេ តែ​គួរ​ងាក​មក​ធ្វើ​លំ​ហាត់ប្រាណ និង​ញ៉ាំ​អាហារ​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជំនួស​វិញ​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង