ខេត្តព្រះសីហនុ ៖ មុននេះបន្ដិច ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញសារបន្ទាន់មួយ ករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរថៃ ចូលមកកាន់ខេត្តព្រះសីហនុ ។

តាមរយៈសារសំឡេងលោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរទេសចរណ៍ មន្ទីរការងារ និងអ្នកពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់តាមដំណឹងបញ្ជាក់ថា បានមកដល់ខេត្តព្រះសីហនុ ដូច្នេះសូមបង្កើនការគ្រប់គ្រងដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ ក្នុងករណីប្រទះឃើញនៅកន្លែងណាសូមរាយការណ៍មកសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងឲ្យបានលឿនបំផុត»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ត្រូវស្រាវជ្រាវលើការងារនេះបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងហានិភ័យដែលកើតឡើងដោយប្រការណាមួយ

សូមបញ្ជាក់ថា ថៃបានរកឃើញករណីជំងឺអ៊ុតស្វា (Monkeypox) ជាលើកដំបូងនៅលើជនបរទេសម្នាក់ ប៉ុន្តែអ្នកជំងឺជនជាតិនីហ្សេរីយ៉ាវ័យ ២៧ឆ្នាំរូបនោះ បានបាត់ខ្លួន ក្រោយពេលមានការប្រាប់ពីលទ្ធផលធ្វើតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃចន្ទ ទី ១៨កក្កដា កន្លងទៅនេះ ។
ករណីជំងឺឆ្លងនេះត្រូវបានរកឃើញនៅកោះរមណីយដ្ឋាន Phuket កាលពីសប្តាហ៍មុន នៅពេលជនបរទេសរូបនោះបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែងដោយមានរោគសញ្ញាស្រដៀងនឹងជំងឺអ៊ុតស្វា។
មន្ត្រីសុខាភិបាលថៃ និងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងតាមដានអ្នកជំងឺ ដើម្បីផ្តល់ការព្យាបាលដល់គាត់ និងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ចាប់តាំងពីថ្ងៃច័ន្ទ៕