ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺហឺត គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គ្រោះថ្នាក់ ជួនកាល​ត្រូវ​បាន​គេ​ហៅ​ថា ការ​ស្ទះ​នៅ​ក្នុង​សួត ។
ការ​ស្ទះ​នៅ​ក្នុង​សួត គឺ​សំដៅ​ទៅ​លើ​ការ​ស្ទះ​នៅ​ក្នុង​សរសៃឈាម​អារ​ទែ​នៅ​នឹង​សួត​។ ជា​ធម្មតា​ការ​ស្ទះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ឈាមកក​ដែល​ធ្វើ​ដំណើរ​ទៅ​ក្នុង​សួត​ក្រោយ​ពី​ការ​បំបែក​ចេញពី​សរសៃឈាម​វ៉ែន​ដែល​មក​ពី​ជើង​។ កំណក​ឈាម​ទាំងនោះ​ដែល​បាន​បង្កើត​នៅ​នឹង​ជើង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ដុំ​ឈាម​នៅ​ក្នុង​សរសៃឈាម​វ៉ែន​ជ្រៅ​។

ការ​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​ប្រហែលជា​៦៥០​នាក់​ដែល​មាន​ជំងឺហឺត​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ ទៅ​៨៨​ឆ្នាំ​ក្នុង​ប្រទេស​ហូ​ឡង់​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​ធម្មតា​, អ្នក​ដែល​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ មានការ​កើនឡើង​ហានិភ័យ​នៃ​ការ​ស្ទះ​សួត​នោះ​ដល់​ទៅ​៩​ដង ខណៈ​ពេល​ដែល​អ្នកមាន​ជំងឺហឺត​កម្រិត​ស្រាល​ទៅ​មធ្យម​មានការ​កើនឡើង​ហានិភ័យ​ត្រឹមតែ​៣,៥​ដង​ប៉ុណ្ណោះ​។

អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ថ្នាំ​សម្រាប់​ជំងឺហឺត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថ្នាំ​ករទី​កូ​ស្តេ​រ៉ូ​អ៊ី​ត​សម្រាប់​លេប​នោះ គឺជា​កត្តា​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ស្ទះ​សួត​នេះ នេះ​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត European Respiratory Journal​។

វេជ្ជបណ្ឌិត គ្រី​ស្តូ​ហ្វ ម៉ា​ហ្ស៊ូ (Christof Majoor) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Academic ក្នុង​ទីក្រុង​អា​ស្ទឺ​ដាម បាន​និយាយ​ថា នេះ​គឺជា​លើក​ដំបូង​ហើយ​នៃ​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ជំងឺហឺត និង​ជំងឺ​ស្ទះ​សួត ហើយ​យើង​ជឿ​ថា លទ្ធផល​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។

ម៉ា​ហ្ស៊ូ​បាន​បន្ថែម​ថា ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ស្ទះ​សួត ហើយ​គ្រូពេទ្យ​គួរតែ​បង្កើន​ការ​យកចិត្តទុកដាក់​នៃ​ការ​កើតឡើង​មាន​ថ្មី​ៗ​ដើម្បី​ជួយ​ការពារ​ការ​កើត​មាន​ធ្ងន់ធ្ងរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង