រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រកាស​ថា មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​កំពុង​ឱ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​កូ​វី​ដ​-១៩​នោះ​នឹង​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺ «​មហារីក​» នៅ​ពេល​ក្រោយ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​រលាយ​រលត់​អស់អ្នក​ជំងឺ​កូ​វី​ដ​-១៩ ព្យាបាល​នៅ​ទីនោះ ។

សម្តេច​តេ​ជោ​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ កីឡាការិនី និង​អត្ត​ព​លិ​ក មុន​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ សម្តេច​បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​គោលបំណង​ចង់​ប្រែក្លាយ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ឲ្យ​ទៅ​ជា​មន្ទីរពេទ្យ​ឯកទេស​ខាង​ព្យាបាល​ជំងឺមហារីក នា​ពេល​ខាង​មុខ​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ទោះបី​ជំងឺ​កូ​វី​ដ​-១៩ បាន​ថមថយ​ក៏​ពិតមែន តែ​កម្ពុជា​មិន​បោះបង់​ការ​ត្រៀមលក្ខណៈ​ឆ្លើយ​តប​នឹង​បញ្ហា​សុខភាព​សាធារណៈ​នោះ​ឡើយ គឺ​យើង​ត្រូវ​តែ​បន្ត​ការ​ការពារ​ជា​បន្ត​ទៀត ។

សម្តេច​តេ​ជោ បាន​ណែនាំ​ឱ្យ​មានការ​ពិចារណា​បំ​លាស់​ទី​អ្នកជំងឺ​កូ​វី​ដ​-១៩ ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ទៅ​កាន់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ឬ​កន្លែង​ផ្សេង ដើម្បី​ប្រគល់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ត្រឡប់​ទៅ​បម្រើ​ការងារ​កីឡា​ឡើង​វិញ ដើម្បី​ត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ការ​ប្រកួត​កីឡា​ផ្សេង​ៗ ពេល​ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​ក្រោយ ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​ថា ការ​បំ​លាស់​ទីតាំង​អ្នកជំងឺ​នេះ សម្តេច​តេ​ជោ បាន​ផ្តល់​យោបល់​ថា អាច​យក​ពួក​គាត់​ទៅ​មណ្ឌល​ចាក់​អង្រែ ឬ​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ព្រែក​ព្នៅ តែ​មណ្ឌល​នេះ​បើ​តាម ឯកឧត្តម ឃួ​ង ស្រេង ថា​អាច​នឹង​សាងសង់​រួចរាល់​ដើមឆ្នាំ​២០២៣ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង