ការបង្ករោគនៅផ្លូវទឹកនោម គឺជាការបង្ករោគ ដោយសារតែបាក់តេរី ដែលគេជួបប្រទះជាញឹកញាប់បំផុត ក្នុងពេលមានផ្ទៃពោះ។ អ្វីដែលគួរបន្ទោសនោះ គឺជាការឡើងខ្ពស់របស់អ័រម៉ូនប្រូហ្សេសស្ទេរ៉ូន (Progesterone)។

អ័រម៉ូននេះ មាននាទីជួយបន្ធូរផ្លូវទឹកនោម ដែលវាប្រហែលជាធ្វើឲ្យលំហូរ នៃការនោមមានភាពយឺត ដែលផ្តល់ឱកាសដល់បាក់តេរី អាចលូតលាស់កាន់តែច្រើន។ ក្រៅពីនេះ ក៏មានកត្តាផ្សេងៗទៀត ជាអ្នកបង្ករឿងដែរ។
ការបង្ករោគមួយកើតឡើងបាន គឺនៅពេលបាក់តេរីក្នុងពោះវៀន ធ្វើដំណើរពីចុងពោះវៀនធំ ទៅកាន់បង្ហួរនោម បន្ទាប់មក ទើបចូលក្នុងផ្លូវទឹកនោម រួចបន្តបំបែកកូនចៅរបស់វា។ ពេលខ្លះ វាបណ្តាលឲ្យរលាកដល់ប្លោកនោម ដែលមានរោគសញ្ញាដូចជា ឈឺចាប់ មិនស្រួលក្នុងខ្លួន ឬក្រហាយពេលនោម នោមញឹក និងមិនស្រួលក្នុងអាងត្រគាក ឬឈឺចាប់នៅតំបន់ពោះ ផ្នែកខាងក្រោម។

ទឹកនោមរបស់អ្នក ប្រហែលជាមានលក្ខណៈល្អក់ និងមានក្លិនស្អុយ។

យកល្អ គួរតែពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកគិតថា អ្នកមានជំងឺក្នុងប្លោកនោម។ ការរលាកប្លោកនោម ដែលមិនបានព្យាបាល អាចនាំបង្កមេរោគដល់តម្រងនោម ដែលអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ និងប្រឈមកាន់តែខ្លាំង នឹងការសម្រាលកូនមិនគ្រប់ខែ។ បើសិនជាអ្នកមានជំងឺរលាកប្លោកនោម គ្រូពេទ្យនឹងចេញថ្នាំអង់ទីប៊ីយ៉ូទិច (ថ្នាំផ្សះ) ដែលមានសុវត្ថិភាព ឲ្យអ្នកប្រើក្នុងពេលមានផ្ទៃពោះ ដើម្បីកុំឲ្យមានបញ្ហាច្រើន កើតឡើងទៀត។ ថ្នាំអង់ទីប៊ីយ៉ូទិច ទំនងជាជួយបន្ថយរោគសញ្ញា ក្នុងរយៈពេលពីរទៅបីថ្ងៃ ប៉ុន្តែ ចូរចាំថា ដើម្បីបញ្ចប់ការព្យាបាលបាន គឺធ្វើយ៉ាងណា សម្លាប់បាក់តេរីបង្ករោគនោះឲ្យអស់។

ប៉ុន្តែ បាក់តេរី ក៏អាចបង្កើតកូនចៅច្រើន ក្នុងផ្លូវទឹកនោមរបស់អ្នក ដោយមិនបង្ករោគសញ្ញាអ្វីទាំងអស់ដែរ នោះហើយ គឺជាមូលហេតុដែលគ្រូពេទ្យ ត្រូវការយកទឹកនោមទៅពិនិត្យ ពេលអ្នកពិនិត្យពោះជាលើកដំបូង។ អ្នកនឹងត្រូវការព្យាបាល ដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិច បើសិនគ្មានរោគសញ្ញា តែឃើញបាក់តេរីក្នុងទឹកនោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង