រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ដោយ​ប្រកាស​កែសម្រួល​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស​ពេល​មក​ដល់​ប្រទេស​កម្ពុជា ។

យោង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​សម្រេច​ឲ្យ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
១-​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យ​អ្នកដំណើរ​មក​ពី​បរទេស​ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត PCR អវិជ្ជមាន ក្នុង​រយៈពេល​៧២​ម៉ោង មុន​ពេល​មក​ដល់​កម្ពុជា​។
២- លុប​ចោលការ​តម្រូវ​ឱ្យធ្វើ​តេស្ត​រហ័ស​នៅ​ពេល​មក​ដល់​កម្ពុជា​។
៣- អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​ពេល​មក​ដល់ (Visa on Arrival) សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ ទាំង​អ្នកដំណើរ​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​។

ម្យ៉ាងវិញទៀត ការ​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​១ និង​ទី​២​ខាងលើ​នេះ​ក៏​ដោយ ក្រសួងសុខាភិបាល​សូម​លើកទឹកចិត្ត​ដល់​អ្នកដំណើរ​ទាំងអស់ គប្បី​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង ។

ជាមួយ​គ្នា​នេះ​អ្នកដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​ពេល​មក​ដល់​កម្ពុជា​។ ចំណែក​អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពេញលេញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅ​តាម​ទីតាំង​ដែល​កំណត់​ដោយ ក្រសួងសុខាភិបាល ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផង​ដែរ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង