Join with Health.com.kh on Telegram

ក្រៅពី​ជំងឺ​បេះដូង តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ​ភាពធាត់​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ? តើ​ជំងឺមហារីក​អ្វីខ្លះ​ផ្សារ​ភ្ជាប់​នឹង​ភាពធាត់​ជ្រុល? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ជំងឺមហារីក​ដែល​អាច​បង្ក​ឡើង​ដោយ​ភាពធាត់​ជ្រុល ៖

១. មហារីក​សុដន់

ស្ត្រី​ដែល​ធាត់​ជ្រុល​ងាយ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ក្រោយ​ពេល​អស់​រដូវ​។ ស្ត្រី​ដែល​អស់​រដូវ​ដែល​ធាត់​លើស​ទម្ងន់​មាន​ហានិភ័យ​ខ្ពស់​នឹង​ជួប​បញ្ហា​នៃ​ជំងឺមហារីក​សុដន់​ពី ២០ ទៅ ៤០ ភាគរយ​បើ​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​អស់​រដូវ ប៉ុន្តែ​មាន​ទម្ងន់​ត្រឹមត្រូវ​មួយ​។

២. ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ

យោង​តាម​ស្ថិតិ ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ គឺជា​ធម្មតា​ច្រើន​កើត​មាន​ចំពោះ​ស្ត្រី​ដែល​ធាត់​ជ្រុល​។ នេះ​ក៏​ព្រោះតែ​អ័រម៉ូន estrogen ដែល​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​ខ្លាញ់​លើស​ក្នុង​រាង​កាយ​របស់​ស្ត្រី ហើយ​នេះ​ជា​អ្វីមួយ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។

៣. ជំងឺមហារីក​ពោះវៀនធំ

បុរស​និង​ស្ត្រី​ដែល​ធាត់​ជ្រុល​ងាយ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដល់​ទៅ ៣០ ភាគរយ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​មាន​ទម្ងន់​ត្រឹមត្រូវ​មួយ​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​កោសិកា​ខ្លាញ់​ច្រើន​ហួស​អាច​ផលិត​អ័រម៉ូន​ដែល​បង្ក​ឱ្យ​មានការ​បង្កើត​កោសិកា​មហារីក​ពោះវៀនធំ​។

៤. មហារីក​បំពង់​អាហារ

ភាគច្រើន​នៃ​អ្នក​ដែល​ធាត់​ជ្រុល​ជួប​ប្រទះ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ហើយ​ជំងឺ​នេះ​ជា​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​ការ​វិវត្តន៍​ទៅ​ជា​ជំងឺមហារីក​បំពង់​អាហារ​។

៥. មហារីក​ក្រពះ

មហារីក​ក្រពះ​ជា​ប្រភេទ​មហារីក​ដែល​ជះ​ឥទ្ធិពល​ដល់​ផ្នែក​ខាងលើ​នៃ​ក្រពះ​។ អ្នក​ដែល​ធាត់​គឺ​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពះ​ប្រភេទ​នេះ​ទ្វេ​ដង​។ ទោះជា​យ៉ាងណា​ក៏​ដោយ​គ្រូពេទ្យ​និយាយ​ថា​អ​តុល្យភាព​នៃ​បាក់តេរី​នៅ​ក្នុង​ពោះវៀន​ក៏​ជា​កត្តា​ចូលរួម​ផង​ដែរ​។

៦. ជំងឺមហារីក​ថ្លើម

ជំងឺមហារីក​ថ្លើម​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​អ្នក​មិន​គួរ​ធ្វេសប្រហែស​មើល​រំលង​ឡើយ​។ យោង​តាម​អ្នកជំនាញ​ខាង​សុខភាព​បានអោយ​ដឹង​ថា កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម មាន​ដូច​ជា ការ​ឆ្លង​មេរោគ​ថ្លើម​រយៈពេល​យូរ​, ភាពធាត់​ជ្រុល​, ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​។

វត្តមាន​នៃ​ជាតិ​ខ្លាញ់​ច្រើន​ពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាល​មក​ពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ផង​ដែរ​៕