“រលាកថ្លើម” អាចបណ្តាលមកពីជាតិពុល ការប្រើប្រាស់ថ្នាំ ជំងឺមួយចំនួន ការឆ្លងបាក់តេរី និងមេរោគ។ ជំងឺរលាកថ្លើម មានច្រើនប្រភេទ ដូចជា A, B និង C ជាដើម។
អ្នកជំងឺប្រហែលជា ៧០ ទៅ ៨០ ភាគរយ ដែលមានជំងឺរលាកថ្លើមប្រភេទ C មិនមានលេចចេញ ជារោគសញ្ញានោះទេ ប៉ុន្តែ អ្នកគួរតែប្រុងប្រយ័ត្ន និងស្វែងយល់ នូវរោគសញ្ញាព្រមានមួយចំនួន ដែលបញ្ជាក់ថា អ្នកអាចកើតជំងឺរលាកថ្លើមប្រភេទ C ដូចជា ៖
• គ្រុនក្តៅ
• អស់កម្លាំង
• លែងឃ្លានអាហារ
• ចង្អោរ ឬក្អួតញឹកញាប់
• ឈឺក្នុងពោះ
• ទឹកនោមពណ៌លឿង ឬខ្មៅជាំ
• ឈឺតាមសន្លាក់
• ឡើងលឿងលើស្បែក និងភ្នែក។
រយៈពេលប៉ុណ្ណា ដែលរោគសញ្ញាអាចកើតឡើង ក្រោយពេលដែលអ្នក ឆ្លងមេរោគថ្លើមប្រភេទនេះ?
ប្រសិនបើរោគសញ្ញាកើតឡើង អ្នកប្រហែលជាឆ្លងជំងឺនេះ ៦ ទៅ ៧ អាទិត្យហើយ ប៉ុន្តែ ក្នុងករណីខ្លះ វាអាចពី ២ អាទិត្យ ទៅ ៦ ខែ ទើបចេញជារោគសញ្ញា។
- ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលឆ្លងមេរោគថ្លើមប្រភេទ C ៖
- ៧៥–៨៥ នាក់ នឹងវិវត្តទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែល ៖
- ៦០–៧០ នាក់ នឹងវិវត្តទៅជាជំងឺថ្លើមរ៉ាំរ៉ៃ
- ៥–២០ នាក់ នឹងវិវត្តទៅរកជំងឺក្រិនថ្លើម ក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំ
- ១–៥ នាក់ នឹងស្លាប់ ដោយសារជំងឺក្រិនថ្លើម ឬជំងឺមហារីកថ្លើម៕