ជាមួយនឹង​មនុស្ស​ទាំងឡាយ​ណា ដែល​ត្រូវ​ប្រឈម​នឹង​ការងារ​ជា​ច្រើន ដែល​តែងតែមាន​ជា​រៀង​រាល់​នាទី នោះ​វា​ពិតជា​ពិបាកសម្រាប់​ពួក​គេ​ក្នុង​ការ​ប្រកាន់​យកនូវ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ អោយ​បាន​ត្រឹមត្រូវ​ល្អ​។

អ្នក​ត្រូវ តែ​ទទួលស្គាល់​ថា អាហារ​ដែល​ល្អ​ចំពោះ​សុខភាព គឺ​អាច​ធ្វើ​អោយ​អ្នក មាន​អារម្មណ៍ល្អ​បាន​ផង​ដែរ​។ ដូច្នេះ អ្នក​គប្បី​ត្រូវ​តែ​ជៀសវាង នូវ​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​អាច​ផ្តល់ ផល​ប៉ះពាល់ ដល់​សុខភាព របស់​អ្នក​។ ខាងក្រោម​នេះ គឺជា​ទម្លាប់​នៃ​ការ​ទទួលទានអាហារដែលអាច​នឹងបណ្តាល​អោយ​អ្នកមានជំងឺ​ទឺ​ក​នោម​ផ្អែម​បាន ៖

១. មិន​ទទួលទាន​អាហារ​ពេល​ព្រឹក

តើ​អ្នកមាន​ដឹង​ទេ​ថា អាហារ​ពេល​ព្រឹក ​គឺ​ហាក់ដូចជា ​ស្តេច​ផែនដី​,​អាហារ​ពេល​ថ្ងៃត្រង់ ប្រៀប​បាន​ទៅ នឹង​ទេវបុត្រ ហើយ​សម្រាប់​អាហារ​ពេល​ល្ងាច គឺ​ប្រៀប​ទៅ​នឹង​រាស្ត្រ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ​? ស្តាប់​មើលទៅហាក់ ដូច​ជា ​គួរ​អោយ​សោកស្តាយ​ណាស់​មែន​ទេ ដែល​អ្នក​តែងតែ​រៀបចំ​ពេលវេលា​មិន​ទៀងទាត់ សម្រាប់​ការ​ទទួលទាន​នៅ​ពេល​ព្រឹក ហើយ​ជា​លទ្ធផល​នោះ គឺ​អ្នក​តែងតែ បូក​សរុប​ការ​ទទួលទាន អាហារ ពេញ មួយ​ថ្ងៃ​នៅ​ក្នុង​ពេល​ល្ងាច​វិញ ។ ​ដោយ​ជា​ធម្មតា អ្នក​គ្រាន់តែ​ប្រញាប់ប្រញាល់​ទៅ​ធ្វើការ នៅ​ក្នុង​ពេលព្រឹក ដោយ​គ្មាន​ទទួលទាន​អ្វី​ក្រៅពី​ទឹកក្រូច​ច្របាច់ ឬ ទឹកដោះ​គោមួយ​ប៉ុណ្ណោះ​។ បញ្ហា​នេះ គឺ​អាចបង្កើន​ឱកាស​ខ្ពស់​នៃ ទំនោរ​ទៅ​រក​ភាពធាត់​ជ្រុល ហើយ​ជា​លទ្ធផល ​គឺថាវា​នឹង​ធ្វើ​អោយ​អ្នក​កើតជំងឺទឹកនោមផ្អែម​បាន ។

២. ទទួលទាន​តែ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម

តើ​អ្នកមាន​ចូល​ចិត្ត​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម ទេ? អ្នក​ត្រូវ​តែ​ដឹង​ពី កម្រិត​ជាតិ​ស្ករ​របស់ អ្នក និង ថា​តើ​កម្រិត​នៃ​ការ​ប្រើប្រាស់​ប៉ុណ្ណា ដែល​មាន​សុវត្ថិភាព​ចំពោះ​អ្នក​? បើ​អ្នក​បាន​ទទួលទាន​ពួក​វា ក្នុង​កម្រិត​ច្រើន​ជ្រុល ហើយ​រាង​កាយ​អ្នក មិន​បាន​ដុត​បំផ្លាញ​ពួក​វា​អស់នោះ​ទេ នោះ​វា​នឹង​មាន​ភាគរយ ខ្ពស់ ដែល​នឹង​អាច​អោយ​អ្នក​ឈាន​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​បាន​។

៣. តែងតែមាន​ទំនោរ​ទៅ​រក​អាហារ​ឆ្អិន​ភ្លាម​ស្រាប់​ៗ

ពពួក​អាហារ​ទាំងនេះ មាន​ដូច​ជា នំ​ភី​ហ្សា​, ដំឡូងបារាំង​បំពង​, មាន់​អាំង គឺ​សុទ្ធតែ​ជា​ប្រភេទ​អាហារ ឆ្អិន​ស្រាប់​ៗ ដែល​មាន​ដាក់​លក់ និង សម្បូរ​ទៅ​ដោយសារ​ជាតិ​ខ្លាញ់​។ ប្រសិនបើ​អ្នក​បាន​បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រេង​ខ្ពស់ និង ប្រភេទ​អាហារ​ស្រួយ​បំពង នោះ​អ្នក​នឹង​មានឱកាស​ខ្ពស់ ក្នុង​ការ​វិវត្តន៍​មាន នូវ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ​។ អ្នក​ត្រូវ​តែ​កាត់​បន្ថយ អាហារ​ប្រភេទ​នេះ នឹង​ស្វែងរក នូវ​គ្រឿងផ្សំ ដែល មាន​សុវត្ថិភាព​ចំពោះ​សុខភាព ដូច​ជា​ប្រេងឆា ដែល​ធ្វើ​ពី​ប្រេង​អូ​លីវ​, ហ្វ្រូ​ម៉ាស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង តៅហ៊ូ​ជាដើម មក​ជំនួស​វិញ​។

៤. ទទួលទាន​អាហារ​ច្រើន​ជ្រុល

ការ​បរិ​ភាគ​អាហារ​ច្រើន​ជ្រុល តាមតែ​ចិត្ត​ចង់ គឺ​មិនល្អ​នោះ​ទេ​។ ប្រភេទ​កាឡូរី ដែល​រាង​កាយ​អ្នក​បាន ស្តុក​ទុក នៅ​ពេល​ដែល​ខ្លួន​អ្នក​បរិភោគ​អាហារ​ដូចនេះ គឺ​មាន​ភាព​មិន​ពិតប្រាកដ​ឡើយ​។ ភា្ល​ម​ៗ​នោះ រាង​កាយ អ្នក​នឹង ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​ជា​ច្រើន ហើយ​ខណៈ​ពេល​ដែល​ខ្លួន​អ្នក មាន​អារម្មណ៍ល្អ អំពី​ប្រភេទ​អាហារ ដែល​មាន​រសជាតិ​ឆ្ងាញ់​ទាំងនេះ នោះ​រាង​កាយ​អ្នក​នឹង​ប្រែ​ទៅ​ជា​មាន ជំងឺ​ទឹកនោម ផ្អែម​។

៥. ទម្លាប់​បរិភោគ​អាហារ​មិន​ទៀងទាត់

ប្រសិនបើ​អ្នក មិន​បាន​ទទួលទាន​អាហារ យ៉ាង​ហោច​ណាស់ អោយ​បាន​៣​ដង ក្នុង​មួយ​ថ្ងៃ ហើយ បន្ទាប់​មក អ្នក​បែរជា​បរិភោគ​អាហារ​ដល់​ទៅ ៦​ដង នៅ​ក្នុង​ថ្ងៃ​បន្ទាប់ និង ក្រោយមក​ទៀត​មិន បរិភោគ​អ្វី ទាល់តែ​សោះ និង បន្ត​នូវ​ទម្លាប់​អាក្រក់​បែប​នេះ នោះ​រាង​កាយ​អ្នក​នឹង មានការ​ភ័ន្ត​ច្រ​លំ និង មិនដឹង​ពី វិធី​ក្នុង​ការ​ដោះស្រាយ និង រំលាយ​អាហារ​ទាំងនេះ អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ កត្តា​នេះ ក៏​បាន​ចូលរួម ចំណែក​ផង​ដែរ ក្នុង​ការ​ធ្វើ​អោយ​អ្នក​កើត​មាននូវ​ជំងឺ​ទឹកនោមផ្អែម ៕