មនុស្សដែលមានសម្ពាធឈាមឡើងខ្ពស់ មានអត្រាជំងឺបញ្ហាគាំងបេះដូងខ្ពស់ជាងអ្នកដែលមិនមានសម្ពាធឈាមឡើងខ្ពស់ ។ អ្នកដែលមានសម្ពាធឈាមធម្មតាក៏ដោយ ក៏ពួកគេអាចកើតមានជំងឺគាំងបេះដូងដែរ។ ការឡើងសម្ពាធឈាមខ្ពស់អាចបណ្តាលអោយខូចខាតដល់បេះដូងតាមពីររបៀប៖

គាំងបេះដូង
ការឡើងសម្ពាធឈាមខ្ពស់ជួយតម្លើងល្បឿនដល់ការឡើងក្រាស់ និងរឹងរបស់សរសៃឈាមបេះដូងកូរូណារី (Coronary) ដែលមាននាទីផ្គត់ផ្គង់ឈាមដល់សាច់ដុំបេះដូង ហើយដំណើរការនៃជំងឺនេះមានឈ្មោះថាការក្រិនសរសៃឈាន Atherosclerosis។ គ្រោះថ្នាក់ដ៏ធំបំផុតនៃជំងឺ Atherosclerosis គឺកំនកឈាមប្រហែលជាកើតមាន និងធ្វើអោយស្ទះជិតសរសៃឈាមអាក់ទែនេះតែម្តង។
នៅពេលដែលហេតុការណ៍នេះកើតមានមែន លំហូរឈាមសម្រាប់ចូលទៅក្នុងសរសៃឈាមនេះត្រូវបានកាត់ផ្តាច់។ នៅពេលដែលកំនកឈាមនៅក្នុងសរសៃឈាមបេះដូងបែបនេះ អ្នកនឹងមានបញ្ហាគាំងបេះដូង។
មានប្រជាជនប្រហែលពាក់កណ្តាលទទួលរងការឈឺចាប់ដោយសារការគាំងបេះដូង ជាលើកដំបូងរបស់ពួកគេនៅពេលមានជំងឺលើសសម្ពាធឈាមជាមធ្យម ១៦០/៩៥ ឬខ្ពស់ជាងនេះ។ ការឡើងសម្ពាធឈាមខ្ពស់ធ្វើអោយប្រឈមកាន់តែខ្លាំងទៅនឹងការគាំងបេះដូងរហូតដល់ ៥ដង នេះបើយោងទៅតាមភាពធ្ងន់ធ្ងររបស់ជំងឺលើសសម្ពាធឈាម។

ខ្សោយបេះដូង
ការឡើងសម្ពាធឈាមខ្ពស់រ៉ាំរ៉ៃអាចវិវត្តន៍ទៅជាបេះដូងរីកធំ។
នៅពេលដែលបេះដូងខំច្របាច់កាន់តែខ្លាំងដើម្បីបាញ់ឈាមចូលទៅក្នុងសរសៃឈាមអាក់ទែរ ស្ត្រេសដ៏ខ្លាំងគឺធ្លាក់មកលើបេះដូង។ នៅពេលបេះដូងត្រូវបង្ខំចិត្តធ្វើការទាំងស្ត្រេសរយៈពេលយូរ សាច់ដុំបេះដូងនឹងរីកធំឡើងដើម្បីឆ្លើយតបទៅនឹងសម្ពាធដែលកាន់តែខ្ពស់ជាងមុន។
ការធ្វើការបន្ថែមក្នុងការច្របាច់ឈាមប្រឆាំងទៅនឹងការកើនឡើងសម្ពាធធ្វើអោយបេះដូងថតខាងក្រោម ផ្នែកខាងឆ្វេង (Left Ventricle) ដែលមានតួនាទីច្របាច់ឈាមចេញនោះទៅជារីកធំ ហើយវាក៏ដូចគ្នាទៅនឹងសាច់ដុំដើមដៃ (Bicep) ដែរ ដែលវានឹងរីកធំនៅពេលលើករបស់អ្វីមួយធ្ងន់។
ប្រសិនបើ Left Ventricle ទៅជាឡើងរីកធំហើយ វាប្រហែលជាមិនអាចមានលទ្ធភាពច្របាច់ឈាមចេញបានគ្រប់គ្រាន់ទៀតទេ ហើយឈាមជាច្រើនប្រហែលជាអាចហូរចាល់ទៅក្នុងសួតវិញ និងធ្វើអោយអ្នកជំងឺពិបាកដកដង្ហើម និងក្អករ៉ាំរ៉ៃ។ បញ្ហានេះត្រូវបានគេអោយឈ្មោះថា ឈាមច្រាស់មកសួតវិញដោយសារខ្សោយបេះដូង (Congestive Heart Failure)៕