រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា សូម​ការ​យោគយល់​ពី​ជនរួមជាតិ ចំពោះ​ការ​សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជាតិខ្មែរ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សម្តេច​មិន​បោះបង់​ចោល​នូវ​ពិធីបុណ្យ​ប្រពៃណី​របស់​ខ្មែរ​ណាមួយ​នោះ​ឡើយ តែ​ក្នុង​ឱកាស​នេះ​ត្រូវ​ចាត់វិធានការ​ទាំងឡាយ​ជា​ដាច់ខាត ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ។

សារ​សំឡេង​បន្ទាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​ថា ក្រោយ​ក្រុម​គ្រូពេទ្យ​យក​សំណាក នៅ​តាម​វត្ត​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា វត្ត​ស្ទើរតែ​ពាក់កណ្តាល​បាន​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ដូច្នេះ «​យើង​មិន​បោះបង់​ចោល​នូវ​ពិធីបុណ្យ​ប្រពៃណី​នានា​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​ឆ្លង​ដំណាក់កាល​នេះ​ឱ្យ​បាន ។ វាល​នេះ គឺជា​វាល​ដ៏​ធំ គឺ​ការ​ឆ្លងកាត់​វាល​៣​នេះ នេះ​ហើយ​ជា​វាល​ទី​៣ គឺ​វាល​ជំងឺ​រាតត្បាត ដែល​ប្រជាជន​យើង​ត្រូវ​ឆ្លងកាត់​ឱ្យ​ខាង​តែ​បាន​»​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​បញ្ជាក់​ដែរ​ថា សម្តេច​ពិតជា​ចង់​ធ្វើបុណ្យ​ធ្វើ​ទាន តែបើ​ពិធី​នេះ​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​រក្សា​ជីវិត​ឱ្យ​បាន គឺជា​រឿង​ដ៏​ចាំបាច់​បំផុត បើ​រក្សា​ជីវិត​បាន​មិន​ខ្វះ​ពេល​ធ្វើបុណ្យ​ទាន​នោះ​ឡើយ​។

ជាងនេះផងដែរ សម្តេច​តេ​ជោ បាន​បញ្ជាក់​ដូច្នេះ «​បញ្ហា​មាន​ធ្ងន់​មាន​ស្រាល តែ​បញ្ហា​អាយុជីវិត និង​សុខភាព​ប្រជាជន​ជា​បញ្ហា​អាទិភាព​ខ្ពស់​បំផុត​។ ការពារ​ជីវិត​បាន មាន​ពេលវេលា​ច្រើន​ណាស់ ដើម្បី​នឹង​ធ្វើបុណ្យ​ធ្វើ​ទាន​តទៅ​ទៀត ប្រសិនបើ​យើង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ គឺ​យើង​គ្មាន​ឱកាស​ធ្វើបុណ្យ​ទេ​។ ទំនួញ​ប្រែ​ត​ពេល​ភ្ជុំ គឺ​ពិតជា​ធ្វើ​ឱ្យ​យើង​ចង់ទៅ​វត្ត តែបើ​ទៅ​វត្ត​ដើម្បី​នាំ​ជំងឺ ឬ​នាំ​ជំងឺ​ទៅ​វត្ត​អារាម វា​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ទេ​» ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង