ខេត្តសៀមរាប ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសនៅថ្ងៃទី២១ ខែកញ្ញានេះថា ផ្សារបន្ទាយស្រី ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។

រដ្ឋបាលស្រុកបន្ទាយស្ បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កាលពីម្សិលមិញថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រីពីរនាក់ប្តីប្រពន្ធត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពេលទៅពិនិត្យជំងឺនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងក្រុងសៀមរាប រួចមកក្រុមការងារស្រាវជ្រាវរបស់ស្រុកបន្ទាយស្រីបានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរនេះភ្លាមៗ និងបានសម្រេចធ្វើតេស្តយកសំណាកលើអាជីវករទាំងអស់ជាង២០០នាក់ នៅក្នុងផ្សារបន្ទាយស្រីទាំងមូល កាលពីព្រឹកមិញនេះដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានសរុប ២៤នាក់ ។

ដោយបានការឯកភាពអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាកលើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង២៤នាក់នេះបន្ថែមទៀត ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាលនៅក្នុងសហគមន៍ឱ្យខាងតែបាន ទោះបីជាត្រូវចត្តាឡីស័កមនុស្សរាប់រយគ្រួសារក៏ដោយ ។

រដ្ឋបាលស្រុកបន្ទាយស្រីនឹងរៀបចំទីកន្លែងលក់បន្លែត្រីសាច់ និងរបស់របរចាំបាច់ប្រចាំថ្ងៃមួយចំនួនទៀតនៅទីតាំងថ្មីមួយ ដែលមានរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងមិនបង្កហានិភ័យឆ្លងបន្តដល់អ្នកភូមិ ។ អ្នកលក់បន្លែត្រីសាច់នៅក្នុងតំបន់ថ្មីនេះ នឹងតម្រូវឱ្យធ្វើតេស្តយកសំណាក និងមានលទ្ធផលអវិជ្ជមានជាមុនសិន ព្រមទាំងមានពាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីសំណាក់រដ្ឋបាលស្រុក។

ខ្ញុំសូមស្នើសុំការយោគយល់ចំពោះផលប៉ះពាល់ដែលកើតចេញពីវិធានការបន្ទាន់មួយនេះ និងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញផ្សារបន្ទាយស្រី ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីខាងលើ មេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគជាប្រញាប់នៅមណ្ឌលសុខភាពបន្ទាយស្រីផ្ទាល់តែម្តង។

ជាមួយនឹងការចូលរួមរបស់បងប្អូនទាំងអស់គ្នា ខ្ញុំជឿជាក់ថាយើងនឹងអាចកាត់ផ្តាច់ហានិភ័យនៃការឆ្លងរីករាលដាលធំនៅក្នុងស្រុករបស់យើងបាននៅក្នុងពេលឆាប់ៗនេះ ៕