រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា Delta មានរហូតដល់៣៧៣១នាក់ ដែលបានឆ្លងនៅក្នុងរាជធានី-ខេត្តចំនួន២៤ គឺនៅតែខេត្តកែបមួយប៉ុណ្ណោះមិនឆ្លងជំងឺបំប្លែងថ្មី។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈរហូតមកដល់ថ្ងៃទី៩ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ដែលបំប្លែងថ្មីប្រភេទដែលតា នៅក្នុងប្រទេសកម្ពុជាលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិក រោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន៣៧៣១នាក់ (ស្រី្ត១៩០៤នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី-ខេត្ត លើកលែងតែខេត្ត១ប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រកឃើញករណីដែលតានៅឡើយ

វីរុសបំប្លែងថ្មីដែលតាបាន និងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេសរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង កណ្តាល ព្រះវិហារ ត្បូងឃ្មុំ បាត់ដំបង កំពង់ធំ កំពង់ចាម ស្វាយរៀង មណ្ឌលគិរី ព្រះសីហនុ ពោធិ៍សាត់ និងបណ្តាខេត្តមួយចំនួនទៀត ៕


