រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសនៅថ្ងៃទី៣០ ខែសីហានេះថា ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករនៅផ្សារដើមគរ លើផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក សង្ស័យករណីកូវីដ១៩ បំប្លែងថ្មី Delta ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា មូលហេតុ មានអ្នកជំងឺបានទៅផ្សារទិញម្ហូប លើដងផ្លូវ៣៣៦ ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អំឡុងម៉ោង១រសៀល ។
ជាលទ្ធផលតេស្តរហ័សលើកទី១ ក្នុងចំណោមអ្នកធ្វើតេស្ត ២១៧នាក់ រកឃើញវិជ្ជមានកូវីដ ០២នាក់ផងដែរ ប៉ុន្តែសម្រាប់អ្នកវិជ្ជមានកូវីដ ០២នាក់ខាងលើ ត្រូវបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ។
សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលពាក់ព័ន្ធ និងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕